(ភ្នំពេញ)៖ បន្ទាប់ពីមានករណីឃាត់ខ្លួនមនុស្សជាង១០០នាក់មកសាកសួរ ដែលពាក់អាវមានអក្សរ Police និង Army ដើរលេងក្នុងពិធីបុណ្យអុំទូក កាលពីយប់មិញ, នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង ក្នុងនាមគណៈបញ្ជាការសាលារាជធានីភ្នំពេញ សូមអំពាវនាវតាមបណ្តាញ ព័ត៌មាន Fresh News ស្នើដល់បងប្អូនប្រជាពលរដ្ឋ ឈប់ទិញសម្លៀកបំពាក់ និងឧបករណ៍ដែលពាក់ព័ន្ធនឹងកងកម្លាំងនគរបាល កងកម្លាំងអាវុធហត្ថ និងកងកម្លាំងយោធា ដើម្បីជៀសវាសប្រើប្រាស់ហើយពាក់ព័ន្ធនឹងផ្លូវច្បាប់។
សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់អាជីវករទាំងអស់ និងអ្នករកស៊ីនាំចូលសំលៀកបំពាក់, ស្នើសុំបញ្ឈប់ការលក់ និងនាំចូលនូវសម្លៀកបំពាក់ និងឧបករណ៍ដូចខាងលើនេះតទៅទៀតផងដែរ ព្រោះការនាំចូល និងលក់សំភារៈកងកម្លាំងប្រដាប់អាវុធ អាចនឹងមានទោសតាមផ្លូវច្បាប់។
ការអំពាវនាវរបស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ធ្វើឡើងបន្ទាប់ពីកាលពីយប់មិញ (យប់ថ្ងៃទី០៣ ខែវិច្ឆិកា) កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ដែលពាក់អាវមានអក្សរ Police និង Army ដើរលេងក្នុងពិធីបុណ្យអុំទូក ពីកន្លែងគោលដៅផ្សេងៗគ្នា ដោយខ្លាចសង្ស័យមានចេតនាមិនល្អ នៅពិធីបុណ្យអុំទូកនារាត្រីនេះ។ ប៉ុន្តែក្រោយពីសាកសួររួចហើយ ទើបដឹងថាពួកគាត់ មិនមានចេតនាអាក្រក់នោះទេ, សមត្ថកិច្ចបានអនុញ្ញាតឲ្យពួកគាត់ដើរលេងកំសាន្តវិញ ប៉ុន្តែដកហូតយកអាវ ដែលមានពាក្យ Police និង Army ដើម្បីរក្សាទុក។
សូមជំរាបថា ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សាកសួរនោះ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីសាកសួរនាំពួកគាត់ជាប្រជាពលរដ្ឋមកដើរកំសាន្តធម្មតាទេ ដោយសាររដូវនេះជារដូវរងាពួកគាត់បានទិញអាវប្រភេទ អាវរងារនេះពាក់ មានមនុស្សចាស់ ក្មេង ជំទង់ ប្រុសស្រី ហើយឃាត់នៅគ្រប់គោលដៅ។ ដោយគោលដៅខ្លះមានជាង៥០នាក់ គោលដៅខ្លះជាង២០នាក់ គោលដៅខ្លះជាង១០នាក់ គោលដៅខ្លះ៥នាក់ ដែលសរុបប្រមាណជាង១០០នាក់៕