(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាខប លីមីធីត (Naga Corp) តាមរយៈសាខារបស់ខ្លួន គឺណាហ្គាវើលដ៍លីមីធីត (Naga World) ដែលគ្រប់គ្រង និងប្រតិបត្តិការណាហ្គាវើលដ៍ បានសម្ពោធបឋមណាហ្គាទី២ និងផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉ក ក្នុងរាជធានីភ្នំពេញ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១.៥ ប៊ីលានដុល្លារអាមេរិក។
ពិធីបើកសម្ពោធបឋមនៃណាហ្គាទី២ និងផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉កនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅកម្ពុជាទាំង១០ប្រទេស នៅក្នុងរាត្រីសមោសរអាស៊ានហ្គោល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។
ណាហ្គាទី២ ត្រូវបានសាងសង់លើផ្ទៃដីសរុបប្រមាណ ១២០,០០០ម៉ែត្រការ៉េ។ ណាហ្គាទី២ មានបន្ទប់សណ្ឋាគារ៩០៣បន្ទប់ (រួមមានបន្ទប់វីអាយភីស្វ៊ីត ៣៦បន្ទប់) ផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ដែលមានទំហំ៣,៨០០ ម៉ែត្រការ៉េ មណ្ឌលស៉្បាប្រណីតលំដាប់ពិភពលោក (៦៥ បន្ទប់ស្ប៉ាស្វ៊ីត) ភោជនីយដ្ឋានលំដាប់អន្តរជាតិជាច្រើនកន្លែង សាលមហោស្រព/សន្និបាត ដែលមាន២,២០០ កៅអី និងសាលកាស៊ីណូផងដែរ។
ណាហ្គាស៊ីធីវ៉ក ដែលជាផ្សារទំនើបក្រោមដីលក់ទំនិញ រួចពន្ធម៉ាកអន្តរជាតិល្បីៗ គឺជាផ្សារទំនើបក្រោមដី ដែលតភ្ជាប់ណាហ្គាវើលដ៍ បច្ចុប្បន្នទៅណាហ្គាទី២។
ក្រុមហ៊ុន China Duty Free Group ដែលជាក្រុមហ៊ុនលក់ទំនិញរួចពន្ធក្នុងប្រទេសចិន បានជួលណាហ្គាស៊ីធីវ៉ក ចាប់តាំងខែមីនា ឆ្នាំ២០១៦ ដើម្បីបើកដំណើរការ លក់ទំនិញម៉ាកអន្តរជាតិល្បីៗសុទ្ធ ១០០%។
លោក Tan Sri Dr. Chen Lip Keong ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីត បានថ្លែងថា «ពិធីបើកសម្ពោធបឋមនៃណាហ្គាទី២ នៅថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យ។ ណាហ្គាខប គឺជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោក ដែលជាក្រុមហ៊ុន និងសណ្ឋាគារ ដែលរកប្រាក់ចំណេញ បានច្រើនជាងគេមួយនៅក្នុងពិភពលោក»។
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីតរូបនេះ បានបន្ដទៀតថា ជាមួយការបើកដំណើរការ នៃណាហ្គាទី២ និងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក វានឹងក្លាយទៅជាមណ្ឌលកម្សាន្ត ចម្រុះលំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១.៥ប៊ីលានដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មូលធនទីផ្សាររបស់មណ្ឌលកម្សាន្តណាហ្គាវើលដ៍ មានទំហំទឹកប្រាក់ ៣.៥២ ប៊ីលានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនអចលនទ្រព្យ ហុងកុង Colliers International HK បានវាយតម្លៃ ណាហ្គាទី១ និងណាហ្គាទី២ មានតម្លៃប្រមាណ ៥.១ប៊ីលានដុល្លារ ហើយណាហ្គាគ្រុប មិនមានជំពាក់បំណុលអ្វីទាំងអស់។
រដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Naga World លើការអភិវឌ្ឍគម្រោងទី២នេះ ដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការនាថ្ងៃនេះ ស្មើនឹងប្រមាណ ១៦០០បន្ទប់បន្ថែម ស្របពេលដែលរាជធានីភ្នំពេញ មានតម្រូវការបន្ទប់ស្នាក់នៅលំដាប់ស្តង់ដារ សម្រាប់ភ្ញៀវទេសចរប្រមាណចំនួន៤៣៦៣បន្ទប់ បន្ថែមទៀតក្នុងឆ្នាំ២០១៨ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ»។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា សេវាកម្មស្នាក់នៅជាប្រភេទ នៃសេវាកម្មនាំមុខក្នុងវិស័យទេសចរណ៍។ សេវាកម្មស្នាក់នៅដែលល្អប្រណីត ត្រូវភ្ជាប់ជាមួយ នឹងសេវាកម្មទេសចរណ៍ដទៃទៀតដ៏សំបូរបែប និងផ្តល់សេវា ដោយបុគ្គលិកដែលមានជំនាញច្បាស់លាស់។ ខ្ញុំសូមធ្វើការកត់សម្គាល់ និងផ្តល់អនុសាសន៍មួយចំនួនជូនក្រុមហ៊ុន NagaWorld រួមមាន៖
ទី១៖ ស្នើរក្សា និងបន្តការពង្រឹងគុណភាពសេវាកម្ម។
ទី២៖ ស្នើបន្តចូលរួម ដល់កិច្ចការពារបរិស្ថាន ដើម្បីនិរន្តរភាពគោលដៅទេសចរណ៍ស្អាត និងបៃតង (Eco-friendly facilities)។
ទី៣៖ ស្នើបន្តការសហការជាមួយក្រសួងទេសចរណ៍ លើការងារពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ។
ទី៤៖ ស្នើចូលរួមដល់ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។
ទី៥៖ ស្នើបន្តយកចិត្តទុកដាក់បន្ថែម ត្រៀមលក្ខណៈទទួលភ្ញៀវទេសចរចិន (Be ready for China-Ready)។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ៥លាននាក់ ក្នុងកំណើនប្រមាណ ៥% ហើយក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៧នេះ យើងទទួលបានទេសចរអន្តរជាតិប្រមាណជាង ៣.៥ លាននាក់ ក្នុងកំណើនប្រមាណ ១១.៨%។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦ លាននាក់ នៅឆ្នាំ២០១៧នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០។
សូមបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាខប លីមីធីត ត្រូវបានចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុនហុងកុង ក្នុងខែតុលា ឆ្នាំ២០០៦ (SEHK លេខកូដ ៣៩១៨)។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាខប លីមីធីត គឺជាក្រុមហ៊ុនមេ ដែលគ្រប់គ្រង និងប្រតិបត្តិការក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ៕