(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥៦នាក់ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយរាប់ទាំងថ្ងៃនេះ មានសមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំមកពីគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ថ្មីទៀត ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៥៦នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់នោះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ បានអះអាងដូចៗគ្នាថា បានមើលឃើញលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាជនក្បត់ជាតិ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈច្បាស់លាស់ មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បំបែកបំបាក់ជាតិទៀតផង។
ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជ របស់សមាជិកគណបក្សសង្រ្គោះជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាច បានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់ ជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងជាមេឃុំ-ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យនៅដដែលថែមទៀតផង៕