(ភ្នំពេញ)៖ ពេញមួយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំចំនួន៣នាក់ និងមេឃុំចំនួន១នាក់ របស់គណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
សមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំទាំង៤នាក់នោះ រួមមាន៖ ទី១.លោក ហ៊ុន ហៀ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២.លោក សូ ភី សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ទី៣.លោក សាន់ ទូច សមាជិកក្រុមប្រឹក្សាឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងទី៤.លោក វ៉ា ចំរើន សមាជិកក្រុមប្រឹក្សាឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
បើរាប់ទាំងសមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំទាំង៤នាក់ខាងលើ គិតមកដល់ថ្ងៃទី០៣ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥៦នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់នោះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ បានអះអាងដូចៗគ្នាថា បានមើលឃើញលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាជនក្បត់ជាតិ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈច្បាស់លាស់ មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បំបែកបំបាក់ជាតិទៀតផង។
ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជ របស់សមាជិកគណបក្សសង្រ្គោះជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាច បានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់ ជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងជាមេឃុំ-ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យនៅដដែលថែមទៀតផង៕