(សៀមរាប)៖ ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និងសំពះព្រះខែ នៅឯខេត្តសៀមរាប បានប្រារព្ធឡើង​​រយៈពេល២ថ្ងៃ ប្រកប​ដោ​យ​ភាពអធិកអធ័ម ជាមួយវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាកម្សាន្តប្រមាណជាង ២៨ម៉ឺននាក់។ ភ្ញៀវនេះបានកើន​ឡើ​​ង​ ៣៩.២៨% ក្នុងនោះ​ភ្ញៀវ​អន្តរ​ជា​តិមាន​​ចំនួន ៣ម៉ឺននាក់ បើធៀបនឹងឆ្នាំមុន។ នេះបើតាម លោក​ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដែលបានថ្លែងប្រាប់ភ្នាក់ងារអង្គភាព Fresh News នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកានេះ។

លោក​ ឃឹម ប៊ុនសុង បានឲ្យដឹងថា ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប្រព្រឹត្តទៅ​ក្នុង​លក្ខខណ្ឌ​ល្អប្រសើរ គ្មាន​គ្រោះថ្នាក់​ចរាចរ​ណ៍ គ្មានការប៉ះទង្គិចដោយ​អំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាពអវិជ្ជមានផ្សេងៗគួរឲ្យកត់​សម្គាល់​ឡើយ។

លោកបន្តថា បញ្ហាអនាម័យ បរិស្ថាន ក៏មានសភាពល្អប្រសើរ​លើស​ពីពេ​លមុនៗ ដោយ​​នៅ​ទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូច​ជានៅតាមបណ្តោយស្ទឹង​សៀមរាប មានការថយចុះនូវការបោះចោលសំរាម និងកាកសំណល់ផ្សេងៗ ដែល​​បញ្ជាក់ឲ្យ​ឃើ​ញ​​​ថា ការយល់ដឹងពីផលប្រយោជន៍នៃការថែរក្សាបរិស្ថាន អនាម័​យរបស់ប្រជាពលរដ្ឋ ទោះបីជាមិន​ទា​ន់​ពេញ​​លេញតាមការចង់បានក៏ដោយ។

បើតាមលោកអភិបាលខេត្តសៀមរាប បញ្ហាចរាចរនៅក្នុងក្រុង និងជុំវិញទីតាំងប្រារព្ធពិធី ​មាន​លក្ខណៈល្អប្រសើរ បើទោះបីជាមានការកក់ស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចបានជួយ​សម្រួលចរាចបានទាន់ពេលវេលា មិនធ្វើឲ្យមានការពិបាកដល់ប្រជាពល​រដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យនេះ​ឡើ​យ។

សូមជម្រាបថា ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាបនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ​មេបញ្ជា​ការ​​យោធភូមិភាគទី៤ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប តំណាងស្ថានទូតចិនប្រចាំកម្ពុជា អភិបាលរងខេត្តកំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តបាត់ដំបង តំណាងខេត្តសុរិន្ទ និងខេត្តបុរីរាំ ប្រទេសថៃ៕