(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ រដ្ឋបាលខេត្តព្រះវិហារ បាននាំយកទូកងខ្នាតអន្តរជាតិចំនួន២ចូលរួមប្រកួត ក្នុងនោះមានកីឡាករសរុប ២០០នាក់។

លោក អ៊ុន ចាន់ដា បានបន្តថា នៅក្នុងរយៈពេល៣ថ្ងៃ ដែលទូកងមកពីខេត្តព្រះវិហារចូលរួមប្រកួត ក៏មានការចូលរួមឧបត្ថម្ភពីលោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ ខ្លួនលោកផ្ទាល់ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស សរុបថវិការ ១៣៥លានរៀល។

ចំពោះទូកងចំនួន២ទូក ដែលចូលរួមប្រគួតមាន១ទូកង ឈ្មោះ ព្រះវិហារសែនជ័យបារមីជ័យភូមិ ទូកងឈ្មោះ កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ។

ជាការលើកទឹកចិត្តដល់ទូកងរ ដែលប្រណាំងឈ្នះមួយជើងៗ លោកអភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា១លានរៀល សរុប១២លានរៀល និងឧបត្ថម្ភដល់កីឡាករប្រណាំងទូក ២០០នាក់ ក្នុងម្នាក់ៗ ២៥០,០០០រៀល ផងដែរ៕