(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយចល័តព្យុហយាត្រា ចែកខិត្តបណ្ណ័ រាំលេងសន្តិភាពប្រឆាំងគ្រឿងញៀន ឆ្លើយសំណួរពីបញ្ហាគ្រឿងញៀន។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីអគ្គលេខាធិការដ្ឋានប្រឆាំងគ្រឿងញៀន មន្ទីរអប់រំរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យុវជនកាយរិទ្ធ កាកបាទក្រហម សមាគមយុវជនខ្មែរ យុវនិស្សិតខេត្តបន្ទាយមានជ័យ និងមន្ទីរវប្បធម៌ សរុប១០០នាក់។
ក្នុងឱកាសនោះ លោក លឹម តុងហួត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ម៉ុ ចាន់ដានី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា សុទ្ធតែមានលើកឡើងថា សកម្មភាពដែលកើតមានពេលនេះ កើតឡើងពីកម្លាំងសាមគ្គីភាព ឯកភាព សន្តិភាព ហើយមានគោលបំណងតែមួយគត់គឺពញ្ញាក់អារម្មណ៍ដាស់តឿនស្មារតីប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹងរឹតតែច្បាស់ហើយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃគ្រឿងញៀនដលក្រុមគ្រួសារ បងប្អូន និងមនុស្សជាទីស្រឡាញ់ ដើម្បីចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ហើយនាំកូនចៅខ្លួនដែលញៀនទៅរកសេវាព្យាបាលទាន់ពេល។
សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះ នឹងប្រារព្ធធ្វើទាំងបីថ្ងៃពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំពុក និងសំពះព្រះខែ ដ៏មហាឡារឹករបស់ប្រជាពលរដ្ឋខ្មែរ៕