(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកទ្វារផ្តល់សេវាកម្មប្តូរ និងពន្យារបណ្ណបើកបរជូនប្រជាពលរដ្ឋជាធម្មតានៅកន្លែង «ប្តូរ-ពន្យារបណ្ណបើកបរ» ជាន់ទី១ នៃផ្សារទំនើបអ៉ីអន។ ការបើកផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលចង់ទៅរកសេវាប្តូរ និងពន្យារបណ្ណបើកបរក្នុងពេលពួកគាត់បានឈប់សម្រាក ហើយទៅលេងនៅផ្សារអ៉ីអននោះ។
សេវាប្តូរ និងពន្យារបណ្ណបើកបរនេះនឹងធ្វើចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។ បងប្អូនប្រជាពលរដ្ឋដែលចង់ប្តូរ និងពន្យារបណ្ណបើកបរត្រូវភ្ជាប់ទៅជាមួយបណ្ណបើកបរចាស់ ដែលខូច ឬជិតផុតសុពលភាព និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផងដែរ។
តម្លៃសេវាវិញ គឺពិនិត្យសុខភាព ១ម៉ឺនរៀល, ប្តូរ និងពន្យារ ៣ម៉ឺនរៀល៕