(ព្រះវិហារ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៧ តំបន់រមណីយដ្ឋានទេសចរណ៍ប្រាសាទព្រះវិហាររបស់កម្ពុជា មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនាប្រមាណ ១០០,២៩៣នាក់។ នេះបើតាមលោក យាន ស៊ុន្ថារ៉ាត មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ទទួលបន្ទុកស្ថិតិផែនការភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៃអាជ្ញាធរជាតិប្រាសាទព្រះវិហារ។

លោក យាន ស៊ុន្ថារ៉ាត បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ដែលបានមកទស្សនាតំបន់ប្រាសាទព្រះវិហារនោះ គឺមានចំនួន ១០០,២៩៣នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១០,៧០០នាក់។

លោកបន្តថា សម្រាប់មធ្យោបាយដំណើររបស់ភ្ញៀវឡើងលើប្រាសាទព្រះវិហារ ខាងអាជ្ញាធរជាតិប្រាសាទព្រះវិហារ មិនតម្រូវឲ្យភ្ញៀវទេសចរយករថយន្តផ្ទាល់ខ្លួន បើកបរឡើងទៅលើប្រាសាទដោយខ្លួនឯងនោះទេ ពីព្រោះផ្លូវដែលត្រូវឡើងទៅលើប្រាសាទព្រះវិហារនោះបត់បែន និងមានការចោទទៀតផង។ ដើម្បីបញ្ជៀសបាននូវកាគ្រោះថ្នាក់ដោយយថាហេតុ អាជ្ញាធរបានបង្កើតក្រុមតាក់ស៊ី សម្រាប់ដឹកភ្ញៀវឡើងប្រាសាទ។

គួរបញ្ជាក់ថា សម្រាប់រថយន្តដែលដឹកភ្ញៀវទេសចរឡើងទៅទស្សនានៅលើប្រាសាទព្រះវិហារនោះ គឺខាងអាជ្ញាធរតម្រូវឲ្យដាក់បានត្រឹមតែដប់នាក់ចុះក្រោមតែបុណ្ណោះ ដោយមិនអាចដាក់លើសចំនួនបានឡើយ៕