(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលបានយកដាវទៅគំរាមជំរិតទារប្រាក់ពីពលរដ្ឋដើរលេងកម្សាន្ដ ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅវត្តពោធិ៍យារ៉ាម (វត្តចាស់) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ហួម តាំងហឿត ហើយជនសង្ស័យដែលកម្លាំងនគរបាលរបស់លោកបង្ក្រាបបាននោះ ឈ្មោះ នុច ស៊ីថា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិពោធិ៍យារ៉ាមតែម្ដង។

បើតាមរបាយការណ៍របស់កម្លាំងជំនាញរបស់បញ្ជាក់ថា ជនសង្ស័យបានយកដាវ ទៅជំរិតទារប្រាក់ និងទូរស័ព្ទពីពលរដ្ឋដែលដើរលេងកម្សាន្ដ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ស្រាប់តែពេលនោះកម្លាំងរបស់លោកល្បាតក្នុងគោលដៅឃើញទាន់ក៏បង្ក្រាបបានតែម្ដង។

ក្នុងនោះកម្លាំងនគរបាលដកហូតបាន ដាវ២ដើម ទូរស័ព្ទ៣គ្រឿង និងលុយមួយចំនួនផងដែរ ដោយឡែកសម្ភារៈរបស់ដែលជំរិតបាននោះត្រូវប្រគល់ជូនម្ចាស់ដើមវិញ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕