(សៀមរាប)៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ ព្រមទាំងលោកស្រី និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ព្រមទាំងលោកស្រី និងលោកបណ្ឌិត ឃឹម ប៊ុនសុង ព្រមទាំងលោកស្រី រួមជាមួយនឹងពុទ្ធបរិស័ទ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន ផ្ដើមធ្វើបុណ្យកឋិនទាន ហែទៅកាន់វត្ត «ទួលរតនារាម» ហៅវត្ត «យាង» ស្ថិតនៅក្នុងឃុំយាង ស្រុកពួក ខេត្តសៀមរាប ដោយប្រមូលបានបច្ច័យប្រមាណ២១២លានរៀល (ជាង៥ម៉ឺនដុល្លារអាមេរិក) និងទេយ្យទានជាច្រើនទៀត ប្រគេនដល់ព្រះសង្ឃ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
អង្គកឋិនទាន បានរៀបចំតាមគន្លងប្រពៃណីខ្មែរ ដោយកាលពីថ្ងៃទៅ០១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រារព្ធធ្វើឡើង នៅគេហដ្ឋានរបស់ លោកនាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ និងលោកស្រី ឆាង ស៊ាម ស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពេលរសៀល មានរៀបចំក្រុងពាលី ធ្វើបទនមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃចំរើន ព្រះបរិត្ត និងសម្ដែងធម៌ទេសនា។
លុះព្រឹកឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៤កើត ខែកក្តិក វេលាម៉ោង៧៖០០នាទីព្រឹក បានរៀបចំដង្ហៃរអង្គកឋិនទាន ឆ្ពោះទៅកាន់វត្ត «ទួលរតនារាម» ហៅវត្ត «យាង» ស្ថិតនៅក្នុងឃុំយាង ស្រុកពួក ខេត្តសៀមរាប ដោយនៅវេលាម៉ោង១៥៖៣០នាទីរសៀល ធ្វើបទនមស្សកា និមន្តព្រសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា នៅគេហដ្ឋាន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ និងលោកស្រី ឆាង ស៊ាម ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
រហូតដល់ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១៥កើត ខែកក្តិក វេលាម៉ោង៩៖០០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ដង្ហែរអង្គឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្ត «ទួលរតនារាម» ហៅវត្ត «យាង» ជាកិច្ចបង្ហើយបុណ្យ ដោយក្នុងនោះ ពុទ្ធបរិស័ទ មានសុទ្ធាជ្រះថ្លា បានចូលបច្ច័យ សរុបទាំងអស់មានប្រមាណ២១២ លានរៀល ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីឋានវត្តអារាមខាងលើ។
សូមបញ្ជាក់ថា អង្គកឋិនទានបានបញ្ចប់ទៅ ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ និងទឹកចិត្តជ្រះថ្លា គ្រប់ៗគ្នា នារព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕