(សៀមរាប)៖ ព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែវិច្ឆិកា នៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប យ៉ាងឱឡារិក ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យនេះ ចូលរួមថែរក្សាបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ព្រះរាជពិធីបុណុ្យនេះ មានអញ្ជើញចូលរួមជាអធិបតីពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក សុខ សង្វារ និងលោក ហុក ប៉េងសែ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធផ្សេងៗ។

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ដូនតា ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ លោក សុខ សង្វារ ក៏បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានឧបត្ថម្ភថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុង ចំនួន៥ ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ រួមមាន៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក រួមទាំងគណៈកម្មការសរុប ៣,៥០០,០០០រៀល។

ក្នុងឱកាសនោះ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស។

លើសពីនោះទៅទៀត ក៏ត្រូវមានការប្រុងប្រយ័ត្នរាល់វត្ថុមានតម្លៃរបស់ខ្លួនឱ្យបានល្អ ពិសេសមានការអធ្យាស្រ័យគ្នាក្នុងការធ្វើដំណើរ និងសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ពោរពេញដោយភាពរីករាយ​ នាឱកាសបុណ្យជាតិទាំងការជួបជុំគ្រួសារ និងដំណើរកម្សាន្ត៕