(បាត់ដំបង)៖ ជើងក្រោម CNRP កាន់តែបែកបាក់ហើយ! សមាជិកក្រុមប្រឹក្សាឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបងម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្នាក់ដឹកនាំសំខាន់ជើងក្រោមរបស់បក្សប្រឆាំងរូបនេះ គឺលោក សាន់ ទូច អាយុ៥៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
យោងតាមលិខិតផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច ទាំងលោក វ៉ា ចំរើន បានបញ្ជាក់ថា «ក្រោយពីខ្ញុំ បានមើលឃើញវីដេអូ ឃ្លីប និងសកម្មភាពជាក់ស្តែង ដែលដឹកនាំដោយលោក កឹម សុខា គឺពិតជាបម្រើបរទេស និងនាំឲ្យប្រទេសពិតជាធ្លាក់ក្នុងគ្រោះមហន្តរាយពិតប្រាកដមែនដូច្នេះ ខ្ញុំអស់ជំនឿលើការដឹកនាំរបស់លោក កឹម សុខា ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥៦នាក់ (គិតទាំងម្នាក់នេះទៀត) បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕