(កណ្តាល)៖ សមាជិកក្រុមប្រឹក្សាឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្នាក់ដឹកនាំសំខាន់ជើងក្រោមរបស់បក្សប្រឆាំងរូបនេះ គឺលោក វ៉ា ចំរើន អាយុ៦៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

យោងតាមលិខិតផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកំពូល ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច ទាំងលោក វ៉ា ចំរើន បានបញ្ជាក់ថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំបាទ វ៉ា ចំរើន សូមប្រឆាំងដាច់ខាតនូវទង្វើក្បត់ជាតិរបស់លោក កឹម សុខា»។

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស​សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥៤នាក់ (គិតទាំងម្នាក់នេះទៀត) បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕