អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាទូកប្រណំាង មានព្រាយសណ្ឋិត?
02-11-2017 22:05
(ភ្នំពេញ)៖ ជាទូទៅខ្មែរយើង បើនិយាយអំពីទូកប្រណំាងគេតែងតែមានជំនឿយ៉ាងមុតមំាថា មានព្រាយសណ្ឋិតហៅថា «ជំនាងទូក» មានមុខងារ ថែរក្សាដើម្បីឲ្យទូកមានល្បឿនលឿន ឈ្នះដល់គួរប្រកួត ពិសេសផ្ដល់សេចក្ដីដល់ប្រជាពលរដ្ឋ និងអ្នកចំណុះទូក ។
ហេតុអ្វីបានជាទូកប្រណំាង មានព្រាយសណ្ឋិត?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើយើងនិយាយអំពីទូកប្រណំាងក្នុងទស្សនខ្មែរ គឺមានព្រលឹង បារមី កម្លំាង ថាមពល ព្រោះមានក្បាល ខ្លួន កន្ទុយ ពិសេសមានឈ្មោះ។ ក្នុងន័យនេះខ្មែរចាត់ទុកទូកប្រណំាងថា «មានវិញ្ញាណ» គឺប្រៀបដូចជា នាគដែលហែលលើទឹកយ៉ាងដូច្នេះដែរ។
លោក រត្ន័ សណ្ដាប់ បានបន្ដថា ឈរលើប្រព័ន្ធជំនឿនេះទូកប្រណំាង គឺជាទូកសម្រាប់បម្រើសឹកសង្រ្គាមជើងទឹកខ្មែរ នាសម័យបុរាណ ។ ដោយហេតុនេះពាក្យថា «សង្រ្គាម» គឺយើងត្រូវការឈ្នះ។ ដើម្បីឈ្នះលុះត្រាតែទូកមានល្បឿនលឿននេះឯង។
ផ្ដើមចេញពីទស្សនវិជ្ជានេះ ដើម្បីឲ្យទូកមានល្បឿនលឿនក្នុងសឹកសង្រ្គាម ដោយក្រៅពីកម្លំាងកាយ បច្ចេកទេសរបស់អ្នកអុំ ឬចេវ យ៉ាងប៉ិនប្រសប់យ៉ាងណាយ៉ាងណីនោះ គឺយើងងាកទៅរកភូតផ្សេងៗ មកបន្ថែមកម្លំាងថែមទៀត គឺមន្ដអាគម ឬខ្មោច ពិសេសខ្មោចប្រភេទព្រាយស្រីហ្នឹងឯង។ ដោយហេតុថា ក្នុងជំនឿខ្មែរ ចំពោះប្រភេទខ្មោចព្រាយស្រី គឺជាខ្មោចពូកែខាងមន្ដអាគមនេះណាស់។
ជាក់ស្ដែង សូម្បីសព្វថ្ងៃគឺក្នុងក្បួនច្បាប់បុរាណខ្មែរ បានហាមដល់ស្រ្ដី មានផ្ទៃពោះមិនឲ្យដើរឆ្លងកាត់ក្បាលទូកប្រណំាងនេះផងដែរ ព្រោះព្រាយជាសត្រូវដល់ស្រ្ដីមានផ្ទៃពោះ និងស្រ្ដីកំពុងឆ្លងទន្លេនេះឯង។
សរុបជារួមលោកបានបញ្ជាក់ថា ស្ថិតក្នុងគោលបំណងនេះ ទើបខ្មែរមានជំនឿ និងគោរពយ៉ាងមុតមំាថា «ទូកប្រណំាងមានព្រាយសណ្ឋិត» នេះឯង ព្រោះគេយល់ទៀតថា ព្រាយក្បាលទូកនេះ នឹងជួយឲ្យមានថាមពល និងកម្លំាងខ្លំាងក្លា។ ដោយហេតុថា សូម្បីតែការដាក់ឈ្មោះទូកនេះទៀត ក៏ស្ថិតក្នុងជំនឿនេះផងដែរ ជាអាទិ៍៖ ទូកឈ្មោះហនុមាន មានរិទ្ធិ ជាដើម គឺជាការសំដៅដល់ហនុមាន ជាបុត្រព្រះពាយជានិមិត្ដរូបល្បឿន និងកម្លំាងនេះឯង។
ដូច្នេះចំពោះព្រាយក្បាលទូក គឺជាការសំយោគរវាងទូកចម្បំាងទ័ពជើងទឹក និងជំនឿ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីឲ្យចំណុះអ្នកអុំទូក មានភាពសាមគ្គី ស្មោះត្រង់និងគ្នា៕