(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់ ស្ត្រីមានផ្ទៃពោះជាង៨ខែម្នាក់ បានធ្លាក់ពីលើអគារខុនដូរដែលកំពុងសាងសង់ គ្មានស្លាកសញ្ញាមួយ ពីជាន់ទី១១ មកទើលើជាន់ទី៥ ស្លាប់យ៉ាងអាណោធអាធ័ម តែបន្ទាប់ពីមានករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសជាប្តីភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដើម្បីយកទៅសួរនាំ។
ហេតុការណ៍ធ្លាក់ស្លាប់ស្ត្រីយ៉ាងអាសូរនេះ កើតឡើងនៅរសៀលម៉ោង ២និង៣០នាទី នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់លេខ១៧២ ស្ថិតនៅទីតាំងផ្លូវ១៦៧ ក្រុម១៨ ភូមិ៣សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
សពស្ត្រីមានផ្ទៃពោះជាង៨ខែនោះ មានឈ្មោះ ឡុង ញ៉ាញ់ អាយុ២៥ឆ្នាំ មុខរបរចុងភៅ និងបោសសំអាត មានស្រុកកំណើតនៅភូមិសៀម ឃុំស្រែ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយបុរសជាជនសង្ស័យដែលសមត្ថកិច្ចបានចាប់ខ្លួននោះមានឈ្មោះ ប៊ុន អូន អាយុ២៥ឆ្នាំ មុខរបរមេការមើលឃ្លាំង ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូរ៥ ឃុំ អូរ៥ តំបន់បឹងកេត ខេត្តកំពង់ចាម។
តាមការធ្វើកោសលវិច្ច័យរបស់ លោកគ្រូពេទ្យ វិជ្ជបណ្ឌិត នន សវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា «សពស្លាប់ស្រ្តីមានផ្ទៃពោះជាង៨ខែម្នាក់នេះ ស្លាប់ដោយសារធ្លាក់ពីជាន់ទី១១មកទើលើជាន់ទី៥ ហើយក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង»។
សម្រាប់សពស្ត្រីមានផ្ទៃពោះបានស្លាប់ទៅនោះ ត្រូវបានមន្ត្រីដែលធ្វើកោសល្យវិច្ច័យប្រគល់ឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសជាប្តីត្រូវសមត្ថកិច្ចខណ្ឌចំការការមនចាប់ខ្លួន និងធ្វើការសាកសួរតាមនិតិវិធី៕