(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប បានរៀបចំការប្រណាំងទូក ដើមី្បចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដោយទទួលបានការចូលរួម ទស្សនាយ៉ាងច្រើនកុះករពីភ្ញៀវទេសចជាតិ និងអន្តរជាតិ។

ពិធីនេះប្រណាំងទូកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ។

លោក ពៅ ពិសិដ្ឋ អនុប្រធានអនុគណៈកម្មការបច្ចេកទេស បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ ការប្រណាំងទូក-ងក្នុងខេត្តសៀមរាប មានទូកចូលរួមចំនួន ៣០ទូក មានទូកនារី ០៥ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការនីសរុប ៥៥០នាក់ ក្នុងនោះនារី ១១០នាក់ និង កីឡាករ កីឡាការនីបម្រុងចំនួន១៦៨ នាក់ និង អ្នកដឹកនាំ ៦២នាក់ផងដែរ។ ការប្រកួតទូកនេះមានប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីប្រគួតជាលក្ខណៈជាតិ អន្តរាជាតិ។

ក្នុងពិធីប្រណាំងទូក-ងនេះ ក៏មានទូកមកពីខេត្តបន្ទាយមានជ័យ ព្រមទាំងការប្រកួតប្រណាំងនូវក្រឡោ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរនៅខេត្តសៀមរាបទៀតផង។

លោក ឃឹម ប៊ុនសុង បានលើកឡើងថា ពិធីប្រណាំងទូកនេះបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ១៤-១៥កើត ខែកត្តិក នៅតំបន់អង្គរក្រុងសៀមរាប ហើយពិធីនេះប្រព្រឹត្តទៅបានដោយសារតែប្រទេសជាតិមានសន្តិភាព មានសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បាននិងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តខេត្តសៀមរាប កាន់តែមានការ កើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាល នៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនាសម័យនោះ៕