(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់នៅម៉ោង ៦៖៣០នាទីព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ នឹងរៀបចំពិធីអកអំបុក​និងសំពះព្រះខែ នៅលើបុរីសវ្បធម៌សំពៅមាស នៅមុខសាលាខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

ពិធីនេះនឹងមានការអញ្ជើញដោយផ្ទាល់ពីសំណាក់អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងភរិយា ព្រមទាំងមន្រ្តីរាជការនៅក្នុងខេត្តជាច្រើនទៀត។ រដ្ឋបាលខេត្តពោធិ៍សាត់ បានគោរពអញ្ជើញប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចូលរួមក្នុងពិធីអកអំបុក និងសំពះព្រះខែនៅថ្ងៃស្អែកឲ្យបានច្រើនកុះករ។ នៅក្នុងពិធីនោះក៏មានកម្មវិធីលេងល្បែងកម្សាន្តមួយចំនួនផងដែរ៕