(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួមជាមួយសហការី និងសមាជិកគណៈកម្មាធិការគណបក្សភូមិ-ឃុំ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយគាំពារកម្មករ និងពលករចំណាកស្រុក នៅទីស្នាក់ការគណបក្សឃុំ ដែលមានសមាជិក-សមាជិកាចូលរួមចំនួន ១១៩នាក់។
ក្នុងពិធីសំណេះសំណាលនោះ សមាជិក-សមាជិកាបក្ស ក៏ទទួលបាននូវអំណោយមួយចំនួនផងដែរ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល ប្រេងខ្យល់១ដប និងអាហារសម្រន់ មាននំប៉័ង ទឹកដោះគោខាប់ នំបញ្ចុកសំឡការី និងភេសជ្ជៈ ដូចគ្នាទាំង២ឃុំ។
ក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បានរៀបរាប់ពីឧបាយកលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់គណបក្សប្រឆាំង រហូតដល់មានការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើសកម្មភាពក្បត់ជាតិ និងក្បត់ប្រជាពលរដ្ឋកម្ពុជា ប្រុងនាំបដិវត្តន៍ពណ៌មកអនុវត្តនៅកម្ពុជា នាំទៅដល់ការបំផ្លាញសន្តិភាព បង្កភាពវឹកវរពេញផ្ទៃប្រទេស បំផ្លាញសេចក្ដីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបានពន្យល់បន្តថា ដោយសារមូលហេតុនៃការការពារសន្តិភាពនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់វិធានការតាមផ្លូវច្បាប់ បោសសម្អាត និងកំចាត់ពួកក្បត់ជាតិទាំងឡាយ ដែលប៉ុនប៉ងបំផ្លាញសន្តិភាព បំផ្លាញសមិទ្ធផលនានា ដែលកម្ពុជាបានដោយលំបាកតាំងពីបាត់ដៃទទេមក។
បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិកបក្សខាងលើរួចមក លោក ចាន់ វ៉ាន់ធឿន រួមជាមួយសហការី និងសមាជិកគណៈកម្មាធិការបក្សភូមិ-ឃុំ បានបន្តចុះសំណេះសំណាលជាមួយកម្មករ-កម្មការិនី ពលករ-ពលការិនីចំណាកស្រុក នៅក្នុងភូមិទាំង១៧ភូមិ ក្នុងឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ដែលមានអ្នកចូលរួមសរុបទាំងអស់ ៦៥១នាក់ និងបានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ជូនដល់កម្មករ-កម្មការិនី ពលករ-ពលការិនីផងដែរ។
នៅពេលនោះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ ពលករ ត្រូវចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាការពារ និងបន្តឲ្យមានសន្តិភាពទៅមុខទៀត មានសន្តិភាពមានការងារធ្វើគ្រប់ជម្រើស ទទួលបានប្រាក់ឈ្នួលខ្ពស់ មានសាលារៀន និងការអប់រំបណ្ដុះបណ្ដាលសម្រាប់កូនចៅ ជីវភាពកាន់តែធូរធា តែបើគ្មានសន្តិភាពទេ អ្វីៗក៏ត្រូវបាត់បង់អស់ដែរ៕