(ភ្នំពេញ)៖ ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសថៃទាំងខុសច្បាប់ បានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ និងជួយសម្របសម្រួលក្នុងករណីមេខ្យល់ឈ្មោះ «ថៃ ធា» បាននាំពួកគេទៅធ្វើការនៅប្រទេសថៃទាំងខុសច្បាប់ ហើយកំពុងកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់ពួកគេយ៉ាងខ្លាំង។
យោងតាមពលករខ្មែរម្នាក់ ដែលមិនស៊ូទ្រាំជាមួយស្ថានភាពការងារដ៏លំបាក ហើយត្រូវមេខ្យល់កាត់លុយអស់ៗថែមទៀតនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេត្រូវបានមេខ្យល់ឈ្មោះ «ថៃ ធា» ធានាអះអាងនាំទៅធ្វើការដោយ មិនមានលិខិតស្នាមអ្វីទាំងអស់ ដោយគ្រាន់តែបង់ប្រាក់ម្នាក់ប្រមាណ ៣៥០ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់ ៣៥០ដុល្លារនេះ ត្រូវបានមេខ្យល់ឈ្មោះ «ថៃ ធា» អះអាងថាយកសម្រាប់យកទៅធ្វើលិខិតឆ្លងដែន ជូនពួកគេនៅពេលក្រោយ។
ពលករខ្មែររូបនេះបានរៀបរាប់ទៀតថា សម្រាប់ការធ្វើដំណើរពីកម្ពុជា ទៅប្រទេសថៃវិញ ត្រូវបានមេខ្យល់យកម្នាក់២០ម៉ឺនរៀល ហើយពេលទៅដល់ប្រទេសថៃពួកគេបានយកថ្លៃ ១០០ដុល្លារម្នាក់បន្ថែមទៀត ក្រោមហេតុផលថាដូររោងចក្រសម្រាប់ធ្វើការ។
នៅពេលបានទៅធ្វើការនៅប្រទេសថៃហើយនោះ ក្រុមពលករទាំងនេះក៏មិនសូវសល់លុយនោះដែរ បើទោះបីពួកគេប្រឹងប្រែងធ្វើការជាច្រើនម៉ោង និងគ្មានថ្ងៃឈប់សម្រាកក៏ដោយនោះ។ មិនសល់ដោយសារតែមេខ្យល់ «ថៃ ធា» បានយកលុយពីពួកគេប្រមាណ ៣៦ម៉ឺនទៀតក្នុងរយៈពេល ៦ខែ។ ប្រាក់នេះត្រូវមេខ្យល់ «ថៃ ធា» អះអាងថា ជាថ្លៃសម្រាប់ទិដ្ឋាការធ្វើការងារនៅក្នុងប្រទេសថៃរយៈពេល ២ឆ្នាំ។
ពលករខ្មែរដែលអះអាងថាខ្លួនត្រូវមេខ្យល់ «ថៃ ធា» កេងប្រវ័ញ្ចកម្លាំងញើសឈាមនេះ បានឲ្យដឹងថា ករណីបែបនេះមិនមែនកើតមានសម្រាប់រូបគេតែម្នាក់នោះទេ នៅមានពលករជាច្រើននាក់ទៀតក៏រងការកេងប្រវ័ញ្ចកម្លាំងបែបនេះ។ ក្នុងគ្រាន់តែពលករដែលចេញទៅប្រទេសថៃជំនាន់គេនោះមានរហូតដល់ទៅ ៣០នាក់។
មេខ្យល់រូបនេះបានសុំសមត្ថកិច្ចពាក់ព័ន្ធជាពិសេសក្រុមការងារក្រសួងការងារដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដើម្បីផ្តល់ភាពស្របច្បាប់ក្នុងការបំពេញការងារជូនពលករនៅថៃនោះ ជួយសម្របសម្រួលទៅករណីនេះ ព្រោះរហូតមកដល់ពេលនេះ បើទោះបីបង់អស់លុយជាច្រើនយ៉ាងណាក៏ដោយក៏មេខ្យល់ «ថៃ ធា» មិនបានផ្តល់លិខិតឆ្លងដែនជូនពួកគេនោះឡើយ។
ពាក់ព័ន្ធការប្តឹងរបស់ពលករខ្មែរនៅថៃ Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីឈ្មោះ «ថៃ ធា» នៅឡើយទេ៕
លោក ថៃ ធា មេខ្យល់នាំពលករខ្មែរទៅធ្វើការនៅថៃ