(កំពង់ឆ្នាំង)៖ រថយន្តយីឌុប ឃ្លុបកុងទឺន័រ២គ្រឿង ត្រូវបានកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ នៃក្រសួងមហាផ្ទៃបង្ក្រាបបាន កាលពីម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុង-ខេត្តកំពង់ឆ្នាំង បន្ទាប់ពីដឹកប្រភេទប្រហិត មកពីប្រទេសថៃ ឆ្លងមកកម្ពុជា តាមច្រក អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីធ្វើកំណត់ហេតុស្តាប់ចម្លើយអ្នកបើកបរ២រូប ទី១-ឈ្មោះ សេង ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ នេត សូរិយ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ បានអោយដឹងថាពួកគាត់ ជាអ្នកសុីឈ្នួលបើកបរយកកម្រៃកម្លាំងពលកម្ម មួយជើងពី១៥មុឺនរៀល ទៅ២២មុឺនរៀល បូកជាមួយសោហ៊ុយបាយទឹក និងបញ្ជាក់ថាដឹកសាច់ប្រហិតទាំងនេះពីទឹកដីថៃ ពិសេសគ្មានលិខិតអនុញ្ញាតទើបនៅរសៀល ថ្ងៃខែឆ្នាំដដែល ក៏បន្តនីតិវិធីបង្កើតគណៈកម្មការចម្រុះ រួមខាងកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត កាំកុង ពេទ្យសត្វ និងសម្របសម្រួលការងារដោយតំណាងអយ្យការអមសាលាដំបូងខេត្ត ក៏បានរៀបចំព្រួតពិនិត្យរួមគ្នា នៅក្នុងបរិវេណមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត។
រថយន្តយីឌុបទាំងពីរគ្រឿងនេះ មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៍ស កន្ទុយកុងទឺន័រពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-6113 និងមួយគ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៍ប្រផេះ កន្ទុយពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-4087។
បើតាមការបញ្ជាក់អោយដឹងពីអ្នកបើកបរបានអោយដឹងថាប្រហិតទាំងនេះ បានយកទៅស្តុកទុកនៅម្តុំផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្តចែកចាយតាមបណ្តាផ្សារនៅរាជធានីភ្នំពេញ និងផ្សារទំនើបៗដូចជាផ្សារអុីអន ផ្សារឡាក់គី។ល។
ករណីដឹកប្រហិតគ្មានលិខិតអនុញ្ញាតនេះ ងាយនឹងបង្កហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ខណះនាំចូលពីច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយគ្មានការត្រួតពិនិត្យពីជំនាញប្រចាំច្រកនេះត្រឹមត្រូវ ដែលអាចជាការឃុបឃិតគ្នា រវាងឈ្មួ្នញនិងមន្ត្រី ដែលឈរជើងនៅមាត់ច្រក៕