(សេអ៊ូល)៖ រង់ចាំអស់ជាយូរឆ្នាំ ទីបំផុតកងទ័ពជើងទឹកកូរ៉េខាងត្បូង បានសម្រេចដាក់សម្ពោធនាវាដែលអាចឲ្យនាវាផ្សេង ធ្វើការចូលចតដែលអាចធ្វើការទទួលនាវាផង និងឧទ្ធម្ភាគចក្រចុះចតផង ក្នុងចំនួនបីគ្រឿងបាន ព្រមទាំងអាចដឹកកងយោធារហូតដល់ទៅ៣០០នាក់ បានថែមទៀតផង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ពិធីសម្ពោធខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅការដ្ឋានផលិតនាវាធុនធ្ងន់ របស់ក្រុមហ៊ុនក្នុងស្រុក Hyundai ដែលបច្ចុប្បន្នជា
ក្រុមហ៊ុនផលិតនាវាធំបំផុតនៅកូរ៉េខាងត្បូង ស្ថិតនៅកំពង់ផែនៃទីក្រុង Ulsan ភាគអាគ្នេយ៍ប្រទេស។ សម្រាប់លក្ខណៈសម្បត្តិត្រួសៗ
គឺនាវានេះមានទម្ងន់ ៤,៩០០តោន ដែលវាជានាវាប្រភេទទីបួន នៅក្នុងគំរោង LST-II របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ វាអាចមានលទ្ធភាព
ឲ្យនាវាខ្នាតតូចមួយ ចូលចតនៅក្នុងខ្លួនវាបាន ដោយខ្លួនវាមានប្រវែង ១២៧ម៉ែត្រ និងអាចបើកបានល្បឿន ២៣ knots ឬក៏
៤០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងអ្នកបម្រើការងារលើនោះ ១២០នាក់។
បន្ថែមពីនេះវាក៏អាចផ្ទុកយន្តហោះចម្បាំងល្បឿនលឿន រថក្រោះ រថពាសដែក និងយោធាសរុប ៣០០នាក់បានទៀតផង។ ដោយឡែក
នាវាប្រភេទនេះ អាចឲ្យឧទ្ធម្ភាគចក្រពីរគ្រឿងចុះចត និងហោះឡើងក្នុងពេលតែមួយ ហើយសម្រាប់កន្លែងចូលចតរបស់វា
ដែលមាននាវាមួយទៀតនៅក្នុងនោះស្រាប់ ក៏អាចធ្វើការចុះចតឧទ្ធម្ភាគចក្របានមួយដែរ។ នាវានេះនឹងត្រូវបញ្ជូនទៅកងនាវាជើងទឹក
នៅចុងឆ្នាំ២០១៨ ហើយចេញប្រតិបត្តិការនៅឆ្នាំ២០១៩៕