(ញូដេលី)៖ ហេតុការណ៍ផ្ទុះរោងចក្រផលិតថាមពលអគ្គិសនីជាកម្មសិទ្ធិរដ្ឋ ស្ថិតនៅក្នុងរដ្ឋ Utta Pradesh ប្រទេសឥណ្ឌា បានបណ្តាលឲ្យមនុស្សស្លាប់ ២៦នាក់ និងជាង ១០០នាក់ទៀតរងរបួស ខណៈមានការព្រួយបារម្ភពីអាជ្ញាធរថា មនុស្សស្លាប់អាចនឹងមានចំនួនកើនឡើងជាងនេះទៀត ដោយសារអ្នករងរបួសជាច្រើន កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Arvind Kumar ប្រធានក្រុមមន្ត្រីទទួលបន្ទុកកិច្ចផ្ទៃក្នុងរដ្ឋ Utta Pradesh បានបញ្ជាក់ឲ្យដឹងថា «ចំនួនមនុស្សស្លាប់
បានកើនឡើងដល់ ២៦នាក់ ក្រោយហេតុការណ៍ខាងលើនេះផ្ទុះឡើង កាលពីយប់ថ្ងៃពុធ ខណៈមនុស្សមួយចំនួនបន្ថែមទៀតនឹងអាចបាត់បង់ជីវិត ដោយសារតែអ្នករងរបួសទាំងជាង ១០០នាក់ គឺភាគច្រើនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរណាស់»។ រោងចក្រថាមពល
ខាងលើនេះមានឈ្មោះកាត់ថា NTPC ជាកម្មសិទ្ធិរដ្ឋ ស្ថិតនៅក្នុងសង្កាត់ Raebareli ចម្ងាយ ១១០គីឡូម៉ែត្រពីទីក្រុង Lucknow
ដោយកាលណោះមានកម្មករប្រមាណជិត ២០០នាក់ កំពុងបំពេញការងារ។
គួរបញ្ជាក់ថា មូលហេតុនៃការផ្ទុះឆេះរោងចក្រនោះ គឺដំបូងឡើយគេបានលឺសំឡេងផ្ទុះ ចេញពីផ្នែកគ្រប់គ្រងកាកសំណល់រោងចក្រ
ហើយបន្ទាប់មកទៀតផ្សែង និងអណ្តាតភ្លើង ក៏បានរីករាលដាលកាន់តែខ្លាំងតែម្តង ដែលវាទំនងជាបញ្ហាបច្ចេកទេស បង្កឡើងដោយ
សម្ពាធសីតុណ្ហភាពឡើងខ្ពស់ខ្លាំង។ ទោះបីជាបែបនេះក្តី ក្រុមជំនាញនៅតែបន្តស្វែងរកមនុស្សជាប់ខ្លួន និងអាចនៅរស់រានក្រោយ
ហេតុការណ៍ដ៏អកុសល្យនេះបានកើតឡើង៕