(ភ្នំពេញ)៖ ក្នុងនាមជាសកម្មជនគាំទ្រគណបក្សង្គ្រោះជាតិម្នាក់ ខ្ញុំបានស្វះស្វែងរកមធ្យោបាយជាច្រើនដើម្បីផ្ញើសារទៅលោក សម រង្ស៊ី អតីតប្រធានបក្ស តែខ្ញុំពិតជាពិបាកផ្ញើសារទៅដល់លោកអតីតប្រធានខ្លាំងណាស់។ ខ្ញុំធ្លាប់បានពឹងពាក់មន្ត្រីថ្នាក់លើមួយចំនួនតែគេមិនហ៊ាននាំសាររបស់ខ្ញុំ ទៅជូនលោកប្រធានទេដោយអះអាងថា ខ្លាចគេចោទថា ជនបង្កប់មានគំនិតមិនល្អចំពោះគណបក្ស។ ខ្ញុំក៏ធ្លាប់ទាក់ទងវិទ្យុអាស៊ីសេរី សុំគេនិយាយដែរតែចម្លើយគឺដូចគ្នា គេថាមិនឲ្យនិយាយទេ ខ្លាចប៉ះពាល់ដល់គណបក្ស ហើយលោក ជុន ច័ន្ទបុត្រ បានសួរខ្ញុំថា លោកចង់ក្បត់បក្ស ឬយ៉ាងណា? ទោះជាខ្ញុំព្យាយាមពន្យល់ថា ខ្ញុំមានបំណងល្អទេ គឺគ្រាន់តែចង់រម្លឹកលោកអតីតប្រធាន សម រង្ស៊ី និងមន្ត្រីជុំវិញខ្លួនគាត់ឲ្យពិចារណាអំពីកំហុសឆ្គងមួយចំនួន ក្នុងន័យពង្រឹងគណបក្សសង្គ្រោះជាតិក៏ដោយ ក៏គេមិនឲ្យខ្ញុំនិយាយដែរ ហើយថែមទាំងលែងលើកទូរទស័ព្ទខ្ញុំរហូត។ ពេលនេះមានតែការផ្ញើសារតាម Fresh News ទេ ដែលខ្ញុំសង្ឃឹមថា បានទៅដល់លោក សម រង្ស៊ី និងមន្ត្រីជុំវិញខ្លួនគាត់។

លោក សម រង្ស៊ី ជាទីគោរព! ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវដំណើរការវិវឌ្ឍន៍នយោបាយចុងក្រោយ។ ក្នុងនាមជាសកម្មជនម្នាក់ដែលគាំទ្របក្សប្រឆាំងជារៀងរហូតមក អ្វីដែលខ្ញុំសង្កេតឃើញថា គ្មានការកែប្រែទាល់តែសោះនោះគឺ ការលាបពណ៌ដល់មន្ត្រី ឬសកម្មជនណាដែលមានមតិយោបល់ ចង់កែលម្អផ្ទៃក្នុងបក្ស ឬមានមតិយោបល់មិនស្របខ្លះ ជាមួយលោកផ្ទាល់​ ក៏ដូចជាមន្ត្រីថ្នាក់លើ។ មានមន្ត្រីបក្សប្រឆាំងជាច្រើនមកហើយ ដែលរងគ្រោះព្រោះការលាបពណ៌នេះ។ ឥឡូវដល់វេនលោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិវិញម្តង។ ហួសពីលោក ម៉ៅ មុនីវណ្ណ ខ្ញុំក៏បានដឹងដែរថា លោក សម រង្ស៊ី និងមន្ត្រីស្និទ្ធជាមួយលោកក៏កំពុងមិនទុកចិត្តទៅលើលោកប្រធាន កឹម សុខា និងមន្ត្រីមួយចំនួនទៀត ដែលស្និទ្ធជាមួយលោក កឹម សុខា ដូចជាលោក ប៉ុល ហំម ជាដើម។

សូម្បីតែលោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតដែលមិនព្រមចាកចេញទៅក្រៅប្រទេស តាមការអំពាវនាវរបស់លោកក៏ស្ថិតនៅក្នុងបញ្ជីខ្មៅដែលលោកសង្ស័យថា ជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជាដែរ។

តើលោកដឹងទេ សារតាមវីដេអូឃ្លីបរបស់លោកពីប្រទេសអ៊ីតាលីដែលប្រកាសថា រាល់សេចក្តីសម្រេចរបស់លោកប្រធាន កឹម សុខា មិនអាចយកជាការបាន និងលិខិតរបស់លោកទៅកាន់លោកប្រធាន កឹម សុខា ដើម្បីរម្លឹកអំពីគោលការណ៍កុងសង់ស៊ុស គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់លោកប្រធានកឹម សុខា ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំង។ មិនត្រឹមតែមិនបានជួយរកវិធីដោះស្រាយទេ តែលោក សម រង្ស៊ី គិតតែពីដុតកម្តៅបន្ថែមធ្វើឲ្យស្ថានការណ៍រឹតតែតឹងតែងជាលំដាប់។ ចុងក្រោយនេះលោក សម រង្ស៊ី បានផ្តល់ហេតុផលគ្រប់គ្រាន់ដើម្បីឲ្យតុលាការរំលាយបក្សសង្គ្រោះជាតិ តាមរយៈការកៀរគរមន្ត្រីជាន់ខ្ពស់បក្សដែលស្និទ្ធនឹងរូបលោក ទៅអង្គុយក្បែរលោកដើម្បីថ្លែងសារនយោបាយក្នុងនាមគណបក្សសង្គ្រោះជាតិ។

តើលោកមានដឹងទេថា ច្បាប់ថ្មីដែលគេទើបតែអនុម័ត គឺហាមមិនឲ្យលោកភ្ជាប់ខ្លួនជាមួយបក្សទេ ព្រោះលោកកំពុងស្ថិតនៅជាទណ្ឌិត។ ឬមួយក៏លោកចង់ឲ្យបក្សសង្គ្រោះជាតិរលាយ ដោយសារតែលោកបានបាត់បង់អំណាចពីបក្ស អស់ទៅហើយឬយ៉ាងណា?

លោកដឹងទេថា ទង្វើរបស់លោកបានធ្វើឲ្យសកម្មជន និងអ្នកគាំទ្រដែលមិនជ្រុលនិយមជាច្រើន នៅថ្នាក់មូលដ្ឋានខកចិត្តជាខ្លាំង។ លើកលែងតែក្រុមជ្រុលនិយម ចាំតែហៃអើ នាំអាជ័យឲ្យធ្លាក់ទឹកប៉ុណ្ណោះ ដែលចាំតែសាទរគ្មានពិចារណាចំពោះទង្វើរបស់លោក។ ពួកយើងសង្ឃឹមលើបក្សសង្គ្រោះជាតិថា ជាគណបក្សដែលមានប្រជាធិបតេយ្យ និងនាំមកនូវការអភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិ គួរជាទីពឹងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែធាតុពិតគឺមិនមែនដូច្នេះឡើយ។ បក្សសង្គ្រោះជាតិប្រមូលផ្តុំដោយមនុស្សបក្សពួកនិយម ពុករលួយ និងដឹកនាំតាមបែបផ្តាច់ការនៅផ្ទៃក្នុងបក្ស។ មានតែអ្នកចាំហៃអើតាមលោកប៉ុណ្ណោះ ដែលបានឡើងបុណ្យស័ក្តិ និងទទួលលាភសក្ការៈរហូត។ ចំណែកអ្នកហ៊ានផ្តល់មតិយោបល់ កែលម្អបក្ស និងហ៊ាននិយាយអ្វីប៉ះពាល់ដល់លោកប្រធានតែបន្តិច អ្នកទាំងនោះនឹងត្រូវគេលាបពណ៌ភ្លាមមួយរំពេចថា ជាជនបង្កប់ ដោយគ្មានការពិចារណាឡើយ។

ពេលនេះ ពេលដែលលោកប្រធាន កឹមសុខា កំពុងមានបញ្ហាជាប់ក្នុងមន្ទីរឃុំឃាំង លោក សម រង្ស៊ី បែរជាឆ្លៀតឱកាសដើម្បីក្តោបក្តាប់អំណាចឡើងវិញទាំងរូបលោកកំពុងស្ថិតក្នុងភាព ជាទណ្ឌិត ហើយដែលច្បាប់បានហាមឃាត់មិនឲ្យភ្ជាប់ខ្លួន ជាមួយគណបក្សផងនោះ។ អ្វីដែលខ្ញុំចង់ប្រាប់លោក សម រង្ស៊ី ពេលនេះគឺ បក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងហានីភ័យខ្ពស់ ដែលយើងត្រូវបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ប៉ុន្តែផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាកំពុងបំបែកកបំបាក់ផ្ទៃក្នុង បក្សខ្លួនឯងតាមរយៈនយោបាយលាបពណ៌របស់ខ្លួនទៅវិញ។ វប្បធម៌សង្ស័យគ្នា ចោទគ្នា និងលាបពណ៌គ្នា បាននិងកំពុងស៊ីរូងផ្ទៃក្នុងបក្សសង្គ្រោះជាតិ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងដំណំ។ ជាក់ស្តែងពេលនេះមន្ត្រីថ្នាក់ក្រោមបក្សសង្គ្រោះជាតិ កំពុងបាក់ទឹកចិត្តខ្លាំងណាស់ ពេលឃើញមេៗថ្នាក់លើឈ្លោះប្រកែក បែកបាក់គ្នាព្រោះតែអំណាច។

ចំណែកប្រជាពលរដ្ឋអ្នកគាំទ្រយើងក៏កំពុងឈរមើលដោយមិនយល់ អំពីល្បែងដែលមេដឹកនាំបក្សបាននិងកំពុងលេងនោះដែរ។ បន្តិចលឺអ្នកនោះដើរចេញ បន្តិចលឺការចោទប្រកាន់គ្នាថា ក្បត់បក្សបន្តិចលឺសង្គ្រាមគ្នាឯងតាមហ្វេសប៊ុក...ទាំងនេះសុទ្ធសឹងជាសញ្ញា នៃការបែកបាក់របស់គណបក្សសង្គ្រោះជាតិ។ បែកបាក់ដោយសារតែថ្នាក់លើមិនរឹងមាំ ថ្នាក់លើរត់ចោលកូនចៅ ថ្នាក់លើកាប់ចាក់គ្នា អ្នកនេះនិយាយអញ្ចេះ អ្នកនោះនិយាយអញ្ចុះ មិនដឹងឲ្យថ្នាក់ក្រោមត្រូវជឿខាងណា? និយាយឲ្យចំទៅ បក្សសង្គ្រោះជាតិយើងនេះមានតែទ្រឹស្តីហៀរដល់កែង តែការអនុវត្តជាក់ស្តែងគឺសូន្យ!!! ពាក្យប្រជាធិបតេយ្យសូត្រឡើងរត់មាត់ តែការដឹកនាំបក្សធ្វើឡើងតាមបែបផ្តាច់ការ។ ពាក្យថាស្អប់ខ្ពើមអំពើពុករលួយ និងស្អប់ណាស់បក្សពួកនិយម ចេះនិយាយយ៉ាងពិរោះ តែតាមការពិតផ្ទៃក្នុងបក្សពោរពេញដោយអំពើពុករលួយ និងបក្សពួកនិយម។ ពាក្យថាបង្រួបបង្រួមជាតិ មិនយកខ្មែរណាជាសត្រូវ ខ្ញុំបានលឺឡើងស៊ាំត្រចៀក ប៉ុន្តែតាមការពិត សូម្បីមន្ត្រីបក្សគ្នាឯងក៏ចាត់ទុកជាសត្រូវ ហ៊ានដៀលថា ក្បត់បក្សថោកទាប ពេញៗមាត់ដោយមិនទាំងដឹងការពិតយ៉ាងណាផង។ ពេលនៅជាមួយបក្ស បម្រើបក្ស ជាវីរៈជនដល់ពេលចេញពីបក្ស ក្លាយជាជនក្បត់ លក់ក្បាល និងជាសំរាម ជាស្លឹកឈើទុំជ្រុះ.... ដូចមន្រ្តីឃុំសង្កាត់ និងសមាជិកក្រុមប្រឹក្សាមួយចំនួនដែលគេមិនពេញចិត្ត ចាកចេញទៅបក្សកាន់អំណាចភ្លាម មិនបានប៉ុន្មាននាទីផងចាប់ផ្តើមជេរ និងលាបពណ៌គ្នាថាយួន ឬអាយ៉ងបំរើជនផ្តាច់ការទៅវិញ។ បើនៅតែយ៉ាងនេះ រលាយហើយគណបក្សសង្គ្រោះជាតិអើយ! គឺរលាយដោយមិនចាំបាច់គេរំលាយផងមើលទៅ។

ដូច្នេះ ខ្ញុំសូមសំណូមពរដល់លោក សម រង្ស៊ី និងមន្ត្រីដែលនៅជុំវិញលោក សូមពិចារណាឡើងវិញជាបន្ទាន់។ សូមបញ្ឈប់ការលាបពណ៌ ចោទប្រកាន់ចំពោះអ្នកដែលហ៊ាននិយាយពិតនិយាយត្រង់ថា ក្បត់បក្ស ឬជាជនបង្កប់ ជាចារកម្ម របស់បក្សកាន់អំណាចតទៅទៀត ពីព្រោះពាក្យនេះវាពិសពុលណាស់ ធ្វើឲ្យមន្ត្រីក្នុងបក្សលែងទុកចិត្តគ្នា និងធ្វើឲ្យអ្នករងការចោទប្រកាន់ទទួលការឈឺចាប់យ៉ាងខ្លាំង។ សូមបញ្ឈប់ការដុតកម្តៅនយោបាយពីក្រៅប្រទេស ក្នុងពេលដែលស្ថានការណ៍ក្នុងស្រុកកំពុងតានតឹង។ វិធីនេះពិតជាមិនអាចជួយអ្វីបានឡើយក្រៅតែពីការជួយជំរុញឲ្យគណបក្សរលាយកាន់តែឆាប់តែប៉ុណ្ណោះ។

សរុបទៅអ្វីដែលបក្សសង្គ្រោះជាតិកំពុងទទួលរងសព្វថ្ងៃ គឺជាលទ្ធផលនៃនយោបាយបង្កាត់ភ្លើងគំនុំ ដែលលោក សម រង្ស៊ី និងមន្ត្រីជុំវិញខ្លួនបានអនុវត្តជាយូរមកហើយ។ នេះពិតជាកម្មផលមែន អ្នកសាបព្រូសខ្យល់នឹងទទួលបានព្យុះសង្ឃរា ចំណែកអ្នកបង្កាត់ភ្លើងនឹងទទួលបានភាពក្តៅក្រហាយ រលាយរលត់!! បើសិនជាអស់លោកពិតជាអ្នកកាន់ព្រះពុទ្ធសាសនា អស់លោកត្រូវតែជឿលើកម្មផលនេះ ហើយបើចង់ឲ្យគណបក្សចៀសផុតពីការរលាយរលត់ សូមអស់លោក សាងតែភាពត្រជាក់ត្រជុំដល់ប្រទេសជាតិ និងប្រជាជន។ សង្ឃឹមថា លោក សម រង្ស៊ី និងមន្ត្រីជុំវិញខ្លួនគាត់បានទទួលសារពីខ្ញុំ៕

ពីសកម្មជនម្នាក់របស់បក្សសង្រ្គោះជាតិ !