(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា ដោយអនុវត្តតាមអនុសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់ផែនការបែងចែកកងកម្លាំងសមត្ថកិច្ច ដើម្បីបញ្ចៀសចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងព្រះពិធីបុណ្យអុំទូក កាលពីព្រឹកមិញរួចមក កម្លាំងនគរបាលជាង៣ពាន់នាក់ នៅតំបន់ A និងតំបន់ B បាននិងកំពុងសម្របសម្រួល បញ្ជៀសចរាចរណ៍ ការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងបរិវេណប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ យ៉ាងយកចិត្តទុកដាក់។
ដោយឡែកកម្លាំងនគរបាលរាជធានីភ្នំពេញ ២,៥០០នាក់ ទៀត នៅតំបន់ C បាននិងកំពុងទប់ស្កាត់រថយន្តដឹកទំនិញ និងរថយន្តធន់ធំ មិនឲ្យចូលក្រុងនោះឡើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា មកដល់រសៀលថ្ងៃនេះ (ម៉ោង២:៤០នាទី) ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បាននិងកំពុងចូលមកទស្សនា និងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក យ៉ាងច្រើនកុះករ និងមានភាពកក់ក្ដៅ ចំណែកបទល្មើស ឬបញ្ហាអ្វីផ្សេង មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺប្រព្រឹត្តទៅដោយរលូន។
លោកស្នងការក៏បានធានាអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកងកម្លាំងនគរបាល សហការជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់សាធារណៈ ក៏ដូចជាបញ្ជៀសនូវបញ្ហាផ្សេងជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យដ៏ធំរបស់ជាតិនេះ ប្រព្រឹត្តទៅឲ្យរលូន និងល្អប្រសើរ ក្រោមការចាត់ចែងពីលោកអភិបាល ឃួង ស្រេង៕