(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំង លោក សេង គន្ធ លោក កែវ សុភា លោក ឃឹម ស៊ុនសូដា ដែលជាអភិបាលរងទាំង៣ និងមន្រ្តីសាលាខណ្ឌជាច្រើននាក់បានអញ្ជើញចុះសួរសុខទុក្ខនិង សំណេះសំណាលជាមួយក្រុមកីឡាករអុំ ទូក ង របស់ខណ្ឌពោធិ៍សែនជ័យដែលមានទូកចំនួន ៣គ្រឿង នៅទីតាំងត្រៀមប្រកួត នៅពេលបន្តិចទៀតនេះ។
ក្នុងពិធីសំណេះសំណាលខាងលើនេះ ដោយមានការចូលរួមពីសំណាក់ លោកស្រី ម៉ែន នារី វុទ្ធី ហូសិទ្ធីផងដែរ។
លោក ហែម ដារិទ្ធិបានឱ្យដឹងថា ទូក ង នៅក្នុងខណ្ឌពោធិ៍សែនជ័យ សំរាប់ចេញទៅប្រកួតថ្នាក់ជាតិឆ្នាំនេះមាន ទូក ង ចំនួន៣គ្រឿងគឺ៖
-ទី១ វត្តភ្នៀតសិម្ពលី «ខណ្ឌពោធិ៍សែនជ័យបារមីមានរិទ្ធិ»។
-ទី២ វត្ត ពូនភ្នំ «នាគរាជខពោធិ៍សែនជ័យ»។
-ទី៣ វត្តទ្រនំជ្រឹង «ប្រជាកាពារសុខាមានរិទ្ធិ»។
លោក ហែម ដារិទ្ធិ បានថ្លែងថាក្រុមកីឡាករទូក ង ទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ហើយអ្វីដែលសំខាន់គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ នឹងនាំជ័យជំនះមកជូនខណ្ឌពោធិ៍សែនជ័យក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក ង នៃព្រះរាជាណាចក្រកម្ពុជាយើង។
លោក ហែម ដារិទ្ធិ បានបន្តទៀតថា បើក្រុមកីឡាករប្រកួតថ្នាក់ជាតិឈ្នះ១ជើងទទួលបាន១លានរៀល ឈ្នះ២ជើងទទួលបាន៤លានរៀល ឈ្នះ២ថ្ងៃទទួល៨លានរៀលនិងទទួលបានជ័យលាភីលេខ១ និងទទួលបានប្រាក់ឧបត្ថម្ភ ៣២ លានរៀលភ្លាមតែម្តង។
ក្នុងឱកាសនេះលោក អភិបាលខណ្ឌបាននាំយកអំណោយ ឧបត្ថម្ភដល់ក្រុមកីឡាករទាំង៣ក្រុម ដោយក្រុមទូកនីមួយៗទទួលបានរួមមាន÷ ថវិកា ១២០លានម្ភៃម៉ឺនរៀលក្នុងមួយថ្ងៃសំរាប់ថ្លៃម្ហូបអាហារ ទឹកសុទ្ធ១២០យួរ បាកាស១២កេស ខារ៉ាបាវ១២កេស គោជល់១២កេស កូកា១២កេស ទឹកក្រូច១២កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងអង្ករ១៥០គីឡូក្រាមផងដែរ៕