(សៀមរាប)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ដូនតា ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ អាជ្ញាធរអប្សរា បានចូលរួមឧបត្ថម្ភថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុងចំនួន៥ ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ ដែលរួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។
ថវិកាដែលឧបត្ថម្ភនាពេលនេះ រួមមាន ក្រុងសៀមរាប ៥០ម៉ឺនរៀល ស្រុកបន្ទាយស្រី ៥០ម៉ឺនរៀល ស្រុកប្រាសាទបាគង ៥០ម៉ឺនរៀល ស្រុកអង្គរធំ ៥០ម៉ឺនរៀល ស្រុកពួក ៥០ម៉ឺនរៀល និងគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកងំពុក និងសំពះព្រះខែ ខេត្តសៀមរាប ចំនួន១លានរៀល។
គួរបញ្ជាក់ថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរអប្សរា ក្នុងនាមជាថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់គ្រង ការពារ ថែរក្សា អភិរក្សប្រាសាទ វប្បធម៌ប្រពៃណីខ្មែរ សូមចូលរួមគាំទ្រយ៉ាងខ្លាំងចំពោះការលើកតម្កើងព្រះរាជពិធីបុណ្យជាតិ ដែលមានតាំងពីបរមបុរាណ ដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងសូមចូលរួមលើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ដើម្បីក្លាយជាកម្លាំងស្នូលទ្រទ្រង់ និងរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីឱ្យស្ថិតស្ថិរយូរអង្វែង ក្នុងបេះដូងកូនខ្មែរ៕