(ភ្នំពេញ)៖ វេទិកាជាតិលើកទី២ China Ready សម្រាប់វិស័យទេសចរណ៍កម្ពុជា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Xiong Bo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកស្រី Yang Xiuping អគ្គលេខាធិការអាស៊ានចិន តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ផ្នែកឯកជនប្រមាណ៥០០នាក់។
អង្គវេទិកាកត់សម្គាល់ចំពោះកំណើនយ៉ាងនៃភ្ញៀវទេសចរចិនចេញក្រៅប្រទេស ខណៈដែលចិនគឺជាប្រភពទីផ្សារសំខាន់បំផុតទីមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥៣៦.៥៣០នាក់ កើនឡើង ១១.៨% ក្នុងនោះភ្ញៀវចិនមានចំនួនប្រមាណ៧ ៤២.៥៩៦នាក់ កើនឡើង ៤៤.៤% ឈរលំដាប់ទី១។ តាមការព្យាករណ៍ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរចិនប្រមាណ១លាននាក់ ហើយនឹងកើនដល់យ៉ាងតិច ២លាននាក់ នៅឆ្នាំ២០២០។
លោក Xiong Bo បានគូសបញ្ជាក់ថា កិច្ចសហការល្អ និងគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រជាជន នៃប្រទេសទាំង២ រុញដោលលំហូរទេសចរចិន មកកាន់កម្ពុជាកាន់ច្រើន ហើយយោងតាមប្រសាសន៍លោកអគ្គរដ្ឋទូត បានបញ្ជាក់ថា ទេសចរចិនចំណាយនៅកម្ពុជា ប្រមាណ៣២០លានដុល្លារអាមេរិក ឆ្នាំ២០១៦។
ស្របជាមួយនឹងនយោបាយរបស់រដ្ឋាភិបាលចិន ដែលបានកំណត់ក្នុងមហាសន្និបាតគណៈបក្សកុំម្មុយនិស្តចិន លើកទី១៩ ចិនប្តេជ្ញាបន្ដគាំទ្របណ្ដាប្រទេសជិតខាងខ្លួន និងប្រទេសក្នុងតំបន់ ពិសេសប្រទេសបណ្ដាញផ្លូវសូត្រឱ្យមានការអភិវឌ្ឍដូចៗគ្នា «វាសនាតែមួយ»។
ស្របជាមួយគ្នានេះ លោក ថោង ខុន ក៏បានបញ្ជាក់ថាគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងវិថី» គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វប្បធម៌ និងការវិនិយោគ ជាការចូលរួមគាំទ្រអភិវឌ្ឍផលិតផលទេសចរណ៍ ជំរុញលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែរីកចម្រើន។
ដើម្បីចាប់យកកាលានុវត្តភាពនៃគំនិតផ្ដួចផ្ដើមនេះ ការដាក់ចេញ «China-Ready» ក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា គឺជាឱកាសមាស លោក ថោង ខុន បានផ្តល់នូវអនុសាសន៍គន្លឹះជាយុទ្ធសាស្រ្តចំនួន៣ ដើម្បីឆ្ពោះសម្រេចឱ្យបានតាមចក្ខុវិស័យ ២លាននាក់ នៅឆ្នាំ២០២០ ក្នុងនោះរួមមាន៖
អនុសាសន៍ទី១៖ បន្តរួមគ្នា បើកចំហរឱ្យកាន់តែទូលំទូលាយថែមទៀតផ្តើមចេញពីផ្លៃផ្កា នៃការអនុវត្តគោលនយោបាយ China Ready ក្នុងបរិបទនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងវិថីមួយ»៖ ដោយត្រូវគិតគូរលើកត្តា៣៖
កត្តាទី១៖ បន្ដពង្រឹងការតភ្ជាប់ (Connectivity)
កត្តាទី២៖ ការសម្រួលការធ្វើដំណើរ (Facilitation of Travel) និងដឹកជញ្ជូនទេសចរណ៍៖ ក្រៅពីការជំរុញការតភ្ជាប់ (Connectivity) ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ការកាត់បន្ថយរបាំងមិនចាំបាច់ ពោលគឺត្រូវបន្តពង្រឹងសេវាកម្មពេលមកដល់ (Arrival Services)។
កត្តាទី៣៖ ត្រូវមានយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដើម្បីជំរុញការតភ្ជាប់រវាងប្រទេសទាំង២ ឲ្យច្រើនទៀត។
អនុសាសន៍ទី២៖ បន្តរួមគ្នាទាញយកផលប្រយោជន៍ជាវិជ្ជមាន សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងឆ្ពោះទៅរកការរីកចម្រើន និងវឌ្ឍនភាពសង្គម៖ លោករដ្ឋមន្ដ្រីលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជនចូលរួមយុទ្ធនាការអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ និងទេសចរចិន ឱ្យកាន់តែទូលំទូលាយ ថែមទៀតដោយរាប់ទាំង៖ ១. ការបង្កើនការយល់ដឹងជាសាធារណៈ (Do & Don’t) សម្រាប់ទេសចរណ៍ចិន ២. ការប្រយុទ្ធប្រឆាំងនឹង Zero Cost Tour ដោយស្នើឱ្យបន្ដពង្រឹងឧស្សាហកម្មទេសចរណ៍ និងគាំទ្រការបង្កើត «China-Ready Think tank» ៣. ការធានាគុណភាពសេវាកម្មទេសចរណ៍ សម្រាប់ទេសចរចិនតាមរយៈការវាយតម្លៃ China-Ready Accreditation ដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចណ៍ ហើយលោកស្នើឱ្យមូលដ្ឋានអាជីវកម្មនីមួយៗត្រូវមានការរៀបចំផែនការ និងកម្មវិធីជាក់លាក់រៀងៗខ្លួន និងត្រូវមានការបូកសរុបប្រចាំឆ្នាំ។
ទន្នឹមនឹងនេះ លោករដ្ឋមន្ដ្រីក៏បានស្នើឱ្យយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្រាប់ទទួលស្វាគមន៍ទេសចរចិន បង្កើនការបណ្ដុះបណ្ដាលភាសាចិនដល់អ្នកផ្គត់ផ្គង់ក្នុងសេវាកម្មឧស្សាហកម្មទេសចរណ៍ឱ្យបានជាប្រចាំ និងស្នើឱ្យមានការរៀបចំភាពជាដៃគូឱ្យកាន់តែទូលំទូលាយថែមទៀត ជាមួយសាលាបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា។
អនុសាសន៍ទី៣៖ បន្តរួមគ្នាជំរុញ និងបង្កើតថ្មី ក្នុងឧស្សាហកម្មទេសចរណ៍ក្នុងបរិបទនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងវិថី»៖ ដោយត្រូវពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ សម្រាប់ទេសចរចិនប្រកបដោយភាពច្នៃប្រឌិត និងនិវានុវត្តភាពក្នុងនោះ លោករដ្ឋមន្ដ្រីបានស្នើឱ្យមានយន្តការភាពជាដៃគូរដ្ឋ និងឯកជន (PPP) អាចក្រោមទម្រង់ជាដើម។ ដោយតម្រូវជាចាំបាច់ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅតាមគោលដៅទេសចរណ៍នីមួយៗ ឬនៅតាមរមណីយដ្ឋានទេសចរណ៍នីមួយៗ។
ក្នុងឱកាសនៃពិធីបិទនេះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាគឺ៖
ទី១៖ ពិធីចុះអនុស្សារណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការជំរុញ China-Ready Accreditation ជាមួយ China-Ready & Accredited»
ទី២៖ ពីធីចុះអនុស្សារណៈយោគយល់គ្នាស្តីពី «ការសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា» ជាមួយ SEATEL ក្នុងការដាក់ឱ្យមានប្រព័ន្ធ Free Wifi នៅតាមគោលដៅទេសចរណ៍នីមួយៗ និងមណ្ឌលព័ត៌មានទេសចរណ៍ និងក៏ដូចជាប្រព័ន្ធផ្ដល់ព័ត៌មាន (Hotline) សម្រាប់ទេសចរចិន។
លោករដ្ឋមន្ត្រីក៏បានប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល China-Ready លើកទី១ រៀបចំឡើងដោយក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន ចំនួន១២៤នាក់ និងអ្នកវាយតម្លៃបង្គោល China-Ready Accreditation Systemចំនួន៥៨នាក់។ លោករដ្ឋមន្រ្តីក៏បានប្រគល់ស្លាក China-Ready Accredited ចំនួន២៧ដំបូង ជូនដល់មូលដ្ឋានអាជីវកម្មទេសចរណ៏ ដែលឆ្លើយតបនឹងស្តង់ដារវាយតម្លៃប្រព័ន្ធ China-Ready ដូចមានចែងក្នុងសៀវភៅស China Ready សម្រាប់ទេសចរណ៍កម្ពុជា៕