(ភ្នំពេញ)៖ លោក ប៊ុន រតនា ហៅ សេម នាយកគ្រប់គ្រងការផលិត នៅស្ថានីយ៍ទូរទស្សន៍ Town Full HD TV និងជាអ្នកដឹកនាំកម្មវិធី «ដូច្នឹងផង» ដែលកំពុងល្បីផងនោះ បានបោះទុនបើកទីតាំងដាក់លក់រថយន្ត S-Auto Cambodia និង ក្រុមហ៊ុន NTT-Tech បន្ថែមលើអាជីពរបស់លោកដែលកំពុងមានសព្វថ្ងៃ នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
រៀបរាប់ដោយមិនមានការលាក់លៀម ក្នុងពិធីសម្ពោធ លោក ប៊ុន រតនា ហៅសេម បានឲ្យដឹងថា «ខ្ញុំ និងបងប្រុស ឈ្មោះ ប៊ុន វុត្ថា ហៅសេមី បានចាប់ដំណើរការ បើកកន្លែងឃ្លាំង លក់ រថយន្ត ចំណែកក្រុមហ៊ុន NTT-Tech ជារបស់បងប្រុសម្នាក់ទៀត ឈ្មោះ ប៊ុន វុទ្ធី ក្រុមហ៊ុននេះ ជាក្រុមហ៊ុន ភ្លើង សម្រាប់កម្មវិធី Concert ភ្លើង LED រួមជាមួយ ឆាក»។
លោក ប៊ុន រតនា បន្តទៀតថា លោកអ្នក ក៏អាចចូលមើលបានតាមរយៈ គេហទំព័រ Facebook ផងដែរ https://www.facebook.com/Sautocambodia/ ។ ដោយសារតែ អតិថិជន មានទំនុកចិត្ត និងដោយគុណភាពរថយន្តរបស់លោកសុទ្ធតែល្អៗ និងមិនមានការភូត កុហក បើរថយន្តណា ដែលមានបុក ប៉ះទង្គិច គឺលោកប្រាប់ត្រង់តែម្តង។
មុននឹងទទួលបានភាពជោគជ័យ ដូចបច្ចុប្បន្ន អ្នកដឹកនាំវ័យក្មេង និងរូបសង្ហា លោក ប៊ុន រតនា បានរៀបរាប់ពីបទពិសោធន៍មួយចំនួន មុនក្លាយខ្លួន ជាអ្នកដឹកនាំជាពិសេស ក្លាយជាថៅកែលក់រថយន្តថា «ដំណើរជីវិត លើវិថីសិល្បៈនេះ បានរយៈពេល៧ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ»។ លោកថា ដោយកាលពីបញ្ចប់ថ្នាក់វិទ្យាល័យ មុនជំនាញដែល
លោកបានចាប់មិនមែនផ្នែកដឹកនាំនោះទេ គឺលោកចាប់យកផ្នែក Design នៅសកលវិទ្យាល័យ ស៊ីតិច។
លោកសេម បន្តទៀតថា មុននឹងក្លាយខ្លួន ជាអ្នកដឹកនាំសម្តែង ខ្ញុំជាអ្នក Design ដោយទើបតែរៀននៅក្នុងឆ្នាំទី១ ខ្ញុំក៏បានចូលទៅធ្វើការនៅក្រុមហ៊ុនមួយ ជា Designer ក៏ប៉ុន្តែដោយសារតែតាំងពីវ័យកុមារភាព ស្រលាញ់វិស័យសិល្បៈ និងមានការបណ្តុះបណ្តាល ពីបងប្រុស ឈ្មោះ ប៊ុន បូរ៉ា ដែលគាត់ជាអ្នកដឹកនាំមួយរូបផងដែរ បានបង្ហាត់បង្ហាញផ្លូវ ទាក់ទង ជាមួយ ផ្នែកវីដេអូ ក៏ធ្វើឲ្យខ្ញុំខិតខំក្រេបជញ្ជក់នូវចំណេះដឹងនេះ ឈានចូលទៅដល់កាត់ ត វីដេអូ។
លោក បានបន្ថែមទៀតថា «បន្ទាប់ពីចេះ កាត់ ត វីដេអូ ហើយ ខ្ញុំក៏បានអភិវឌ្ឍខ្លួនទៅថត ក្រោយមកទៀត ក៏បន្តការសិក្សាបន្ថែមទៀត ពីបងៗ ខ្ញុំបានឈានទៅសាកល្បងសរសេរសាច់រឿង ម្តងបន្តិចៗ រហូតដល់មានឱកាសផលិតជា MV ដោយដំបូង មិនមានការចាប់អារម្មណ៍ពីអ្នកគាំទ្រទេ ព្រោះថាយើងទើបតែរៀន កន្លងមកទៀត ឆ្លងកាត់ពីមួយដំណាក់កាល ទៅមួយដំណាក់ ខ្ញុំខិតខំស្វែងយល់ពីអ្វីដែលទស្សនិកជន ចង់បាន ចង់ឃើញ រហូតក្លាយខ្លួនជាអ្នកដឹកនាំសម្តែងពេញលេញ»។
លោកបន្ដថា ទន្ទឹមនឹងនោះដែរ ខ្ញុំក៏ស្វែងរកការសិក្សាបន្ថែម ពីគ្រូជនជាតិ ម៉ាឡេស៊ី បង្រៀនលើការដឹកនាំគ្រូខ្មែរ សញ្ជាតិ អូស្ត្រាលី ដោយបានបង្រៀន ពីរបៀបកែពណ៌ និងបានទៅរៀន ពីគ្រូជនជាតិបារាំង ក្នុងជំនាញជំនួយការអ្នកដឹកនាំ នៅវិទ្យាស្ថាន CFC ។
អ្នកដឹកនាំវ័យក្មេងរូបស្រស់ លោក ប៊ុន រតនា បានឲ្យដឹងទៀតថា «រហូតមកដល់ឆ្នាំ២០១០ ខ្ញុំបានបញ្ចេញស្នាដៃ ផលិតចម្រៀង ដែលមានជំណងជើងថា «I am Sorry» ច្រៀងដោយ កញ្ញា មាស សុខសោភា។ បទ «អស់ឱកាស» ច្រៀងដោយ លោក ករុណា ពេជ្រ និងបទចម្រៀងមួយបទទៀត មានចំណងជើងថា «សុំពេលឈឺចាប់មួយគ្រា» ដែលច្រៀងរួមគ្នា រវាង កញ្ញា មាស សុខសោភា និង លោក ករុណា ពេជ្រ។
ក្នុងចម្រៀងទាំងបីនេះ អាចឆក់យកបេះដូច និងអារម្មណ៍ របស់ទស្សនិកជន ដោយមានអ្នកខ្លះហូរទឹកភ្នែក តាមសាច់រឿង នៃបទចម្រៀង និងមានការកោតសរសើរ ពីស្នាដៃក្នុងការដឹកនាំសម្តែង។ ក្នុងនោះផងដែរ ស្នាដៃដឹកនាំ ដែលលោក ប៊ុន រតនា បានបញ្ចេញយ៉ាងសម្រឹតសម្រាំងនោះ គឺបទ «ឧត្តមស្វាមី» ដែលជាបទចម្រៀងមួយបទ រៀបរាប់ពីបុរសជាស្វាមី មានភក្តីភាព ចំពោះភរិយា និងគ្រួសារ។
លោក សេម បញ្ជាក់ថា ក្រៅពីការថត MV ក្នុងនោះដែរ លោកក៏មានដឹកនាំផលិតជាស្បត ពាណិជ្ជកម្ម ស្បតអប់រំ ជាច្រើន ផងដែរ។ សព្វថ្ងៃលោកបានត្រៀម សាច់រឿង រួចជាស្រេចដើម្បីថតជាខ្សែភាយន្តខ្នាតធំ ដែលជាស្នាដៃកូនខ្មែរ ពិតៗ។
លោក បន្ថែមថា ចាប់ឆ្នាំ២០១០នោះមក មានបទចម្រៀងជាច្រើន ដែលខ្ញុំបានដឹកនាំផលិត មានទាំងបទមនោសញ្ចេតនា បទញាក់ បទកំប្លែង ហើយនៅដើមឆ្នាំ២០១៦ ខ្ញុំទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដឹកនាំសម្តែង បទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ដោយទទួលបានការកោតសសើរពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស បានទទួលការកោតសសើរពី ប្រមុខថ្នាក់ដឹកនាំ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលជាស្នាដៃរបស់ផលិតកម្ម ទីក្រុងភាពយន្តថោន៕