(កោះកុង)៖ ក្រោយពីទទួលយកស្ពានកោះកុងមកគ្រប់គ្រងដោយរដ្ឋវិញ, នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជាច្រើននាក់ ជួបជុំគ្នារៀបចំពិធីអបអរសាទរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទិញស្ពានកោះកុងដែលមានប្រវែងវែងជាងគេនៅកម្ពុជាពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងជារបស់រដ្ឋវិញ ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មិនតម្រូវឲ្យបង់ប្រាក់ទៀតឡើយ។
សូមជំរាបថា អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានឲ្យដឹងថា នៅម៉ោង០០៖០០នាទីយប់ពាក់កណ្តាលអាធ្រាត្រចូលថ្ងៃទី០២ ខែវិច្ឆិកា លោកស្រី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ បានចុះទៅអបអរសាទរ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសទិញស្ពានពី ក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ និងបើកឲ្យដំណើរឆ្លងកាត់ជាផ្លូវការ ដោយមិនបាច់បង់ប្រាក់តទៅទៀតឡើយ។
លោកស្រី មិថុនា ភូថង បានលើកឡើងថា នេះជាការផ្តល់ការដូដ៏ធំមួយទៀត ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសសម្រាប់អ្នកខេត្តកោះកុងទាំងមូលតែម្តង នៅក្នុងឱកាសថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៧-២០១៨ និងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៕