(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលត្រូវជាថ្ងៃទី១ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ចុះពិនិត្យ និងណែនាំ ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណា រៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ របៀបរៀបរយ ជូនប្រជាពលរដ្ឋ ក្នុងរាជធានី ជាពិសេសសម្រាប់ប្រជាលពលរដ្ឋ មកពីតាមបណ្តាខេត្ត ដែលមកកម្សាន្ត ក្នុងពិធីបុណ្យនេះ។
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទូទាំងប្រទេស បានចាប់ផ្តើមធ្វើដំណើរមកចូលរួមទស្សនា និងដើរលេងកំសានជាបណ្តើរៗ ខណ:កម្លាំងសមត្ថកិច្ចរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:យ៉ាងខ្លាំងផងដែរ។
ការជួបជុំ និងណែនាំដល់កងកម្លាំងនគរបាលទាំង១២ ខណ្ឌខាងលើនេះ បានធ្វើឡើងនៅទីលានប្រជាធិបតេយ្យចាស់ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានកម្លាំងនគរបាលជិត១០០០នាក់។
លោក ឃួង ស្រេង បានណែនាំឲ្យកម្លាំងនគរបាលត្រូវឈរជើងការពារ តាមគោលដៅដែលត្រូវបែងចែក ពីគោលដៅ A1 ដល់ A10 ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានខ្លាំងជូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម៕