(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ចំថ្ងៃដែលប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម (នៅពេលយប់) និងមានខ្យល់បោកបក់ខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក។
ក្រសួងបានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០១៧ ខ្យល់មូសុងឥសាន នឹងបង្កើនឥទ្ធិពលខ្លាំង ដែលមានល្បឿនពី៥ទៅ៨ម៉ែត្រក្នុង១វិនាទី និងមានវិសម្ពាធទាបមួយ បានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង ហើយវិសម្ពាធនេះ នឹងធ្វើដំណើរចូលប៉ែកខាងក្រោមឈូងសមុទ្រថៃ ដែលឥទ្ធិពលនេះនឹងធ្វើឲ្យកម្ពុជា៖
១៖ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់ នៅតាមបណ្តាខេត្តនានា ជាពិសេសនៅតាមតំបន់ទំនាប កណ្តាលភាគខាងត្បូង និងភាគខាងកើត(ជាប់ប្រទេសវៀតណាម)។
២៖ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម (នៅពេលយប់) និងមានខ្យល់បោកបក់ខ្លាំង។
៣៖ ថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់នៅតំបន់សមុទ្រ ជាពិសេសខេត្តកំពត កែប និងព្រះសីហនុ ហើយនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងលាយឡំនឹងខ្យល់បក់បោកខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀងវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕