(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៤៩នាក់ បានសម្រេចចិត្តដើរចេញពី គណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។ មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៤៩នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេស ថែមទៀតផង។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននោះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ បានបញ្ជាក់មូលហេតុដូចៗគ្នាពីការចាកចេញរបស់ពួកគេ។ ក្នុងលិខិតនេះពួកគេបានអះអាងថា បានមើលឃើញលោក កឹម សុខា មេគណបក្សសង្រ្គោះជាតិ មានការក្បត់ជាតិ ក្នុងការមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុង ជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈស្មារតីជាតិច្បាស់លាស់មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បែកបាក់ជាតិ។
ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៤៩នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនោះ រួមមាន៖ តំណាងរាស្រ្ដម្នាក់, សមាជិកក្រុមប្រឹក្សាខេត្តម្នាក់, សមាជិកក្រុមប្រឹក្សាក្រុង ស្រុក៥នាក់, មេឃុំ ចៅសង្កាត់២នាក់, ជំទប់ ចៅសង្កាត់រងទី១ មាន៧នាក់, ជំទប់ចៅសង្កាត់រងទី២ មាន៧នាក់ និងក្រុមប្រឹក្សាឃុំសង្កាត់២៦នាក់។
ក្នុងនោះមានមកពី រាជធានីភ្នំពេញ២នាក់, ខេត្តកំពង់ចាម១៥នាក់, ខេត្តបន្ទាយមានជ័យម្នាក់, ខេត្តតាកែវ៤នាក់, ខេត្តកំពត៣នាក់, ខេត្តកំពង់ធំ៧នាក់, ខេត្តបាត់ដំបងម្នាក់, ខេត្តសៀមរាបម្នាក់, ខេត្តព្រះវិហារម្នាក់, ខេត្តត្បូងឃ្មុំម្នាក់, ខេត្តកណ្ដាលម្នាក់, ខេត្តកំពង់ស្ពឺម្នាក់, ខេត្តព្រៃវែង៨នាក់, ខេត្តក្រចេះ២នាក់ និងខេត្តឧត្ដរមានជ័យម្នាក់។
ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិកគណបក្សសង្រ្គោះជាតិនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាចបានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់។ ជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យនៅដដែលថែមទៀតផង៕