(បន្ទាយមានជ័យ)៖ ឈើគ្រញូងទម្ងន់ជិត ១តោនត្រូវបានកម្លាំងគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ទាក់ចាប់បាននៅព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយព្រោះថាកន្លងទៅគេធ្លាប់តែឃើញឈ្មួញលួចដឹកឈើពីកម្ពុជា ដែលជាប្រទេសសម្បូរណ៌ឈើចេញទៅប្រទេសដទៃ តែពេលនេះបែរជាក្រុមឈ្មួយលួចដឹកមកពីថៃចូលមកកម្ពុជាទៅវិញ។
លោក ហ៊ុយ សុជាតិ ប្រធានសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ តាមទូរស័ព្ទថា ឈ្មួញបានលួចនាំយកឈើគ្រញូងទាំងអស់នេះបានប្រើល្បិចថ្មី និងឈ្លាសវៃដោយជួលរទេះដឹកទំនិញ និងបង្កប់ដោយបច្ចេកពិសេសខ្លាំងណាស់ គឺគាត់បានដាក់បន្លែ និងស្បែកជើងជជុះពីលើឈើគ្រញូង ហើយឈើគ្រញូងរុំក្រដាស់កេសខាងក្រៅទាំងអស់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ។
លោកប្រធានសាខាគយ បានបន្តថា ឈើគ្រញូងដុំតូចធំទាំងអស់មានចំនួន ៧៨៨គីឡូក្រាម។ ដោយឡែកកម្មករអូសរទេះ និងឈ្មួញបានរត់គេចខ្លួនភ្លាមៗ ពេលឃើញសមត្ថកិច្ចស្ទាក់ត្រួតពិនិត្យ។
លោកប្រធានសាខាគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែន បានបញ្ជាក់ថា ក្រោយឆែកឆេររកឃើញហើយឈើទាំងអស់ ត្រូវមន្ត្រីជំនាញរក្សាទុកបណ្តុះអាសន្ននៅការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕