(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាស្រុក ជំទប់ទី១-២ និងក្រុមប្រឹក្សាឃុំ មកពីគណបក្សសង្គ្រោះជាតិចំនួន៦រូប បានសម្រេចចិត្តដើរចេញពីគណបក្សរបស់ខ្លួន ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។ មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិតអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ សមាជិកក្រុមប្រឹក្សាស្រុក ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំទាំង៦រូបនេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួនគឺលោក កឹម សុខា ជាជនក្បត់ជាតិ បម្រើបរទេសថែមទៀតផង។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាស្រុក ជំទប់ទី១ និងក្រុមប្រឹក្សាឃុំទាំង៦នាក់ បានបញ្ជាក់មូលហេតុដូចៗគ្នា ពីការចាកចេញរបស់ពួកគេ។ ក្នុងលិខិតនេះពួកគេបានអះអាងថា បានមើលឃើញលោក កឹម សុខា មេគណបក្សសង្រ្គោះជាតិ មានការក្បត់ជាតិ ក្នុងការមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈស្មារតីជាតិច្បាស់លាស់មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បែកបាក់ជាតិ។
ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំងទាំង៦នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនោះ រួមមាន៖
ទី១៖ លោក អឿន យន់ អាយុ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន ខេត្តកំពង់ចាម
ទី២៖ លោក ស៊ុយ សុខឃីម អាយុ៣៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម
ទី៖៣ លោក រស់ ប៉ែនថុល អាយុ៦៥ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នជាជំទប់ទី១ ឃុំព្រែកចង្ក្រាន គណបក្សសង្គ្រោះជាតិ
ទី៤៖ លោក មាឃ ហាន អាយុ៥៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ទី៥៖ លោក ប៉ុន សុភិន អាយុ៦៦ឆ្នាំ រស់នៅភូមិក្រាំង ឃុំសុចិត្រ ស្រុលកសណ្ដាន់ ខេត្តកំពង់ធំ ជាជំទប់ទី២ ឃុំសុចិត្រ
ទី៦៖ លោកស្រី ម៉ៅ សាលី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ជាចៅសង្កាត់រងទី២។
ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិកគណបក្សសង្រ្គោះជាតិនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាចបានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់។ ជាពិសេសជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យនៅដដែលថែមទៀតផង។
មកដល់ពេលនេះ មានសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន៤៩រូប បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕