(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់ប្រកួតប្រជែងជាមួយខ្សែភាពយន្តជាច្រើន ទីបំផុតខ្សែភាពយន្តខ្លីរឿង «បន្តោងសោរ» ដែលនិយាយទំនាក់ទំនងក្នុងគ្រួសារ និងអាហារូបត្ថម្ភសម្រាប់ទារក បានឈ្នះពានរង្វាន់ «ទស្សនិកជន» ពីមហោស្រពភាពយន្តខ្លីចតុមុខលើកទី៦។
ខ្សែភាពយន្តខ្លីរឿង «បន្តោងសោរ» ផលិតឡើងដោយអង្គការទស្សនៈពិភាពលោក។ ខ្សែភាពយន្តនេះ ត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយរួមជាមួយវីដេអូខ្លីចំនួន ១៧ផ្សេងទៀតនៅក្នុងការប្រកួត «ពានរង្វាន់ទស្សនិកជន» ហើយខ្សែភាពយន្តខ្លី «បន្តោងសោរ» ទទួលបានសំឡេងគាំទ្រ ៣.៣ពាន់សំឡេង។
អ្នកដឹកនាំរឿងបន្តោងសោរ លោក ទែន ចិត្រា បានថ្លែងថា វាជាបទពិសោធន៍ដ៏អស្ចារ្យ ដែលទស្សនិកជនស្រឡាញ់ និងពេញខ្សែភាពយន្តខ្លីមួយនេះ។ «វាពិតជាបទពិសោធន៍ដ៏អស្ចារ្យនៅពេលដឹងថា ទស្សនិកជនស្រឡាញ់ និងពេញចិត្តខ្សែភាពយន្តខ្លីរបស់យើង។ ពានរង្វាន់នេះ គឺពិតជាមានអត្ថន័យណាស់សម្រាប់ពួកយើង»។
លោក ទែន ចិត្រា ដែលជាផលិតករភាពយន្តនៃអង្គការទស្សនៈពិភពលោក បានបញ្ជាក់ថា គោលដៅនៃការផលិតខ្សែភាពយន្តនេះ ដើម្បីលើកម្ពស់ការយល់ដឹងរបស់សាធារណជនជុំវិញកត្តាសំខាន់ៗដែលចូលរួមចំណែកក្នុងការជំរុញសុខុមាលភាពសង្គមរបស់ប្រទេសកម្ពុជា ហើយមហោស្រពភាពយន្តខ្លីចតុមុខបានជួយឲ្យសម្រេចនូវកិច្ចការនេះ។
រឿង «បន្តោងសោរ» គឺជារឿងដាក់បញ្ចូលគ្នានៃរឿងខ្លីចំនួន៣រឿងនៅក្នុងយុទ្ធនាការ «ដើម្បីកុមារ ដើម្បីការផ្លាស់ប្រែ ដើម្បីជីវិត» ពោលគឺរឿង «កាដូសុភមង្គល» «វ៉ែនតាវេទមន្ត» និងរឿង «យុវជនសម័យឥឡូវ» ដែលនិយាយអំពីទំនាក់ទំនងនៅក្នុងគ្រួសារ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងអាហារូបត្ថម្ភ។
សាច់រឿងនេះ បានចាប់ផ្តើមដោយនិទានរៀបរាប់អំពីជីវិតប្តីប្រពន្ធមួយគូដែលទើបរៀបការថ្មី និងស្វាគមន៍វត្តមានកូនដំបូងរបស់ពួកគេ។ កុមារី វិជ្ជា ធំលូតលាស់ឡើងនៅក្នុងគ្រួសារសាមញ្ញមួយដែលពោរពេញដោយសេចក្តីស្រឡាញ់ និងក្រោយមកបានក្លាយទៅជាក្មេងស្រី ដែលចង់ចេះចង់ដឹង និងផ្តល់សារៈសំខាន់ទៅលើការអប់រំ។
ច្រើនឆ្នាំបន្ទាប់មក វិជ្ជា គឺជាយុវតីម្នាក់ដែលមានមហិច្ឆតា ប៉ុន្តែជួបប្រទះបញ្ហាជាច្រើនក្នុងជីវិតរបស់នាង។ អ្នកជិតខាងថ្មីរបស់ វិជ្ជា គឺជាបុរសវ័យកណ្តាលម្នាក់ ដែលមិនចូលចិត្ត វិជ្ជា តាំងពីថ្ងៃដំបូង។ អ្នកជិតខាងថ្មីថា វិជ្ជា ជាក្មេងស្រីម្នាក់ដែលគ្មានប្រយោជន៍ ប៉ុន្តែក្រោយមកទៀត មានរឿងមួយកើតឡើងដែលធ្វើឲ្យគាត់ផ្លាស់ប្តូរចិត្តគំនិតរបស់គាត់វិញ។
កញ្ញា សម តុលា ដែលសម្តែងជាយុវតី វិជ្ជា បានបង្ហាញអារម្មណ៍រីករាយខ្លាំង បន្ទាប់ពីសាច់រឿងកញ្ញាសម្តែងដោយស្ម័គ្រចិត្តទទួលបានការគាំទ្រច្រើនបែបនេះ។ កញ្ញា តុលា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា អ្នកទស្សនារឿងបន្តោងសោរ បានទទួលសារ ដែលរឿងនេះចង់បង្ហាញអំពីសារៈសំខាន់នៃក្តីស្រឡាញ់ និងការពង្រឹងសមត្ថភាព ដែលនេះជាកត្តាសំខាន់ ដើម្បីកសាងសង្គមមួយដែលជោគជ័យ។ ខ្ញុំមិនដែលគិតថា ការចូលរួមចំណែកដ៏សាមញ្ញរបស់ខ្ញុំ ក្នុងការស្ម័គ្រចិត្តសម្តែងរឿងនេះ បានជួយឲ្យយើងទទួលបានជោគជ័យបែបនេះទេ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់»។
សូមបញ្ជាក់ថា មហោស្រពភាពយន្តខ្លីដ៏ធំបំផុតនៅប្រទេសកម្ពុជា ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេល៦ឆ្នាំមកហើយ ដើម្បីបង្ហាញអំពីគុណភាពខ្សែភាពយន្តក្នុងស្រុក និងអន្តរជាតិដ៏ល្អបំផុតមួយចំនួនទៅកាន់ពិភពលោក។ នៅឆ្នាំ២០១៧នេះ មហោស្រពភាពយន្តខ្លីចតុមុខ បានចាក់បញ្ចាំង និងដាក់ប្រកួតប្រជែងខ្សែភាពយន្តខ្លី និងខ្សែភាពយន្តឯកសារជាង ១០០ភាពយន្តនៅតាមរោងកុនជាង១០ នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕