(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការសាកល្បង និងប្រកួតប្រជែងអង្ករអស់ជាច្រើនប្រភេទ ទីបំផុតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្ពុជាបានរកឃើញអង្ករ និងជ្រើសរើសអង្ករ ដើម្បីយកទៅប្រកួតប្រជែង ក្នុងកម្មវិធីអង្ករល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ ២០១៧ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
អង្ករដែលនឹងត្រូវយកទៅប្រកួតប្រជែង នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិនរួមមាន៖
១៖ អង្ករក្រអូបប្រណិត (Premium Fragrant Rice) (អង្ករផ្កាខ្ញី, ផ្ការំដួល, ផ្ការំដេង, និងសូម៉ាលី)
២៖ អង្ករក្រអូប (Fragrant Rice)
ការធ្វើតេស្តអង្ករ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានអ៊ុយ គុយទាវ ដោយមានវត្តមាន លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធ លោក លូ ម៉េង ប្រធានសហព័ន្ធចុងភៅកម្ពុជា តំណាងមកពីក្រុមហ៊ុនត្រួតពិនិត្យគុណភាព និង តំណាងស្ថាប័នមួយចំនួនទៀត។
មុនការចាប់ផ្តើមធ្វើតេស្តអង្ករ តាមរយៈការចំអិន លោក សុខ ពុទ្ធីវុធ បានបញ្ជាក់ថា ឆ្នាំនេះសហព័ន្ធទទួលបានសំណាកអង្ករច្រើនពីក្រុមហ៊ុន និងសហគមន៍កសិកម្ម សម្រាប់ការប្រកួតប្រជែងគុណភាពអង្ករថ្នាក់ជាតិ សម្រាប់យកទៅប្រកួតនៅឆាកអន្តរជាតិ នៅពេលដ៏ខ្លីខាងមុខ។
លោក សុខ ពុទ្ធីវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក ក្នុងការដាក់សំណាកអង្ករដើម្បីប្រកួតប្រជែងនាឱកាសនេះ។
តាមសេចក្តីរាយការណ៍ របស់លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធ សំណាកអង្ករដែលបានដាក់មកកាន់សហព័ន្ធគឺ មាន២៣សំណាក់ ក្នុងនោះ១២សំណាកជាអង្ករក្រអូបប្រណិត ៨សំណាកជាអង្ករក្រអូបធម្មតា និង ៣សំណាកទៀត ជាអង្ករសធម្មតា៕