(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅដើមខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកពន្លឿនគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលឲ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរឆ្នាំនេះ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ចំណតកំពង់ផែលើគន្លងផ្លូវពីភ្នំពេញទៅខេត្តកណ្តាលនេះ ត្រូវមានការតភ្ជាប់ជាមួយនឹងចំណតរថយន្តក្រុង ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរតាមផ្លូវទឹក ពិសេសបណ្តាញទន្លេ ដែលហូរកាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពង្រីកវិស័យនេះឲ្យបានទូលំទូលាយ និងប្រកបដោយចេរភាព ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជា និងគ្រោះថ្នាក់ចរាចរ។

ក្នុងកិច្ចពិភាក្សានេះ លោកទេសរដ្ឋមន្ត្រីបានរំលឹកឡើងវិញ អំពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការផ្ដល់ប័ណ្ណបើកបរយានយន្ត ដែលអាចផ្ដល់សេវាជូនប្រជាពលរដ្ឋបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងការកែទម្រង់សេវាសាធារណៈស្របតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានថ្លែងកោតសរសើរចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុនៃការអភិវឌ្ឍជាតិ និងបានណែនាំឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងធ្វើការងារបន្ថែមទៀត រឹតចំណងសាមគ្គីក្នុងស្មារតីរួបរួមសហការគ្នាឲ្យបានរឹងមាំដើម្បីធានាបានប្រសិទ្ធផលការងារក្នុងការបម្រើជាតិមាតុភូមិ៕