(ព្រៃវែង)៖ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្នាក់ដឹកនាំសំខាន់ជើងក្រោមរបស់បក្សប្រឆាំងទាំង២នាក់នេះរួមមាន៖ លោក រស់ ប៉ែនថុល អាយុ៦៥ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល បច្ចុប្បន្នជាជំទប់ទី១ ឃុំព្រែកចង្ក្រាន គណបក្សសង្គ្រោះជាតិ និងលោក មាឃ ហាន អាយុ៥៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
យោងតាមលិខិតផ្ញើជូនសម្តេចក្រឡាហោ ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច ទាំងលោក រស់ ប៉ែនថុល និងលោក មាឃ ហាន បានបញ្ជាក់ថា «ពីមុនខ្ញុំបាទនឹងស្មានមិនដល់ថា ការតស៊ូដណ្តើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្តែក្រោយពីខ្ញុំបានឃើញឃ្លីបវីដេអូ និងសកម្មភាពជាក់ស្តែង គឺជាការញុះញង់បំបែកបំបាក់ជាតិជាពីរ។ ជាក់ស្តែងលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិសុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីតែអំណាចមិនគិតពីមហន្តរាយរបស់ជាតិមាតុភូមិឡើយ នេះជាអំពើក្បត់ជាតិ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥០នាក់ (គិតទាំង២នាក់នេះទៀត) បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕