(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នារសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទទួលអំណោយជាមួកសុវត្ថិភាពចំនួន ១០០ ពីធនាគារ Phillip Bank Plc ដើម្បីចែកជូនមន្រ្តីនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រើប្រាស់ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា មន្រ្តីនគរបាលចរាចរណ៍ ត្រូវដើរតួជាគំរូសម្រាប់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសគឺត្រូវពាក់មួកសុវត្ថិភាព រាល់ពេលធ្វើដំណើរតាមទោ/ត្រីចក្រយានយន្ត ស្របតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់»។
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់នៅថ្ងៃស្អែក លោកឧត្តមសេនីយ៍ឯកសូមសូមអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវពាក់មួកសុវត្ថិភាព គ្រប់ពេលធ្វើដំណើរដោយទោ/ត្រីចក្រយានយន្ត មិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវផ្ទុកមនុស្សលើដំបូល ឬទំនិញសំពីងសំពោងលើសកម្រិតកំណត់ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យ បានត្រឹមត្រូវមុនបើកបរយានយន្ត ត្រូវគោរភ្លើងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងសូមមេត្តាយោគយល់អធ្យាស្រ័យ ក្នុងពេលធ្វើដំណើរតាមដងផ្លូវ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ៕