(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន និងសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

​ថ្នាក់ដឹកនាំសំខាន់ជើងក្រោមរបស់បក្សប្រឆាំងទាំង២នាក់នេះរួមមាន៖ លោក អឿន យន់ អាយុ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោក ស៊ុយ សុខឃីម អាយុ៣៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

យោងតាមលិខិតប្រកាសចាកចេញពី គណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច សមាជិកក្រុមប្រឹក្សា​ស្រុកកោះសូទិន បានបញ្ជាក់ថា «ខ្ញុំផ្ទាល់ បានស្តាប់វីដេអូឃ្លីបរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងដោយពិនិត្យឃើញនូវសកម្មភាពខុសឆ្គង របស់គណបក្សសង្គ្រោះជាតិកន្លងមក។ ខ្ញុំបានភ្ញាក់ខ្លួន និងកំណត់ច្បាស់ថា លោក កឹម សុខា គឺជាមនុស្សក្បត់ជាតិ ក្បត់នឹងឆន្ទៈប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យ ដូច្នេះខ្ញុំបានសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»

ដោយឡែក លោក ស៊ុយ សុខឃីម ជាសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ក៏បានថ្លែងបញ្ជាក់ថា «កន្លងមក ខ្ញុំបានជឿលើការឃោសនាអូសទាញ របស់គណបក្ស សង្គ្រោះជាតិ ដែលអះអាងថា ជាគណបក្សប្រជាធិបតេយ្យ និងស្នេហាជាតិ។ ក្រោយពីបានមើល Video Clip របស់លោក កឹម សុខា និយាយថា គ្រប់ផែនការ និងសកម្មភាពរបស់ខ្លួន គឺសុទ្ធតែធ្វើតាមការបង្គាប់បញ្ជា របស់បរទេស រួមផ្សំនឹងមើលឃើញជាក់ស្តែង ពីសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដែលតែងតែញុះញង់ បំបែកបំបាក់ និងបំផ្លាញសង្គមខ្មែរ ដើម្បីតែអំណាច និងផលប្រយោជន៍របស់ខ្លួនផងនោះ ដូច្នេះខ្ញុំបានសូមគោរពស្មើសុំចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស​សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៤៨នាក់ (គិតទាំង២នាក់នេះទៀត) បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។

មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិតអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៤៨នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង៕