(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអំទូក អកអំបុក និងបណ្ដែតប្រទីប រយៈពេល៣ថ្ងៃនេះ (ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧) ដោយបានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (THYDA), អង្គការខាណា (KHANA) អង្គការរ៉ាក់ (RHAC) អង្គការ PSK អង្គការ MHSS អង្គការ MHC ស្មាតហ្គើល (SMART GIRLS) នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ការបើកយុទ្ធនាការអប់រំ បង្ការការចម្លងមេរោគអេដស៍ នៅក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដើម្បីបង្ការកុំឲ្យឆ្លងមេរោគអេដស៍ គឺជាយុទ្ធសាស្រ្តស្នូល នៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភាពលោក។ ការចម្លងមេរោគអេដស៍ អាចកើតមានឡើងនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើមនុស្សគ្រប់ស្រទាប់ និងគ្រប់វ័យ។ ការចម្លងមេរោគអេដស៍ តាមរយៈការរួមភេទ នៅតែជារបៀបឆ្លងដ៏ចំបង និងដ៏ស្រួចស្រាវបំផុត ជាពិសេសនៅពេលដែលប្រព្រឹត្តការកំសាន្តសប្បាយ ដែលខ្វះការការប្រុងប្រយ័ត្ន និង មិនប្រើប្រាស់ស្រោមអនាម័យ។
លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «យើងមិនអាចដឹងសោះឡើយថា អ្នកណាកម្នាក់មានផ្ទុកមេរោគអេដស៍ ឬអត់ ប្រសិនបើមិនធ្វើតេស្តឈាមរកមេរោគអេដស៍នោះទេ។ ជាកាតាព្វកិច្ចបង្ការខ្លួន ពីការឆ្លងមេរោគអេដស៍ អ្នកត្រូវតែប្រើប្រាស់ស្រោមអនាម័យការពារ កុំឲ្យឆ្លងមេរោគអេដស៍ជាដាច់ខាត»។
សូមបញ្ជាក់ថា ក្រុមការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (THYDA) អង្គការខាណា (KHANA) អង្គការរ៉ាក់ (RHAC) អង្គការ PSK អង្គការ MHSS អង្គការMHC ស្មាតហ្គើល (SMART GIRLS) បានរៀបចំសកម្មភាពផ្សព្វផ្សាយអប់រំដល់ កីឡាករអុំទូក ប្អូនៗក្មួយៗយុវវ័យ ជាសារដាស់តឿន ក្រើនរំឭកឲ្យប្រុងប្រយ័ត្នបង្ការខ្លួន ជាប់ជានិច្ចកុំឲ្យឆ្លងមេរោគអេដស៍ បើទោះជានៅពេលណា និងទីណាក៏ដោយ ត្រូវប្រើប្រាស់ស្រោមអនាម័យជានិច្ច។ កុំនាំអេដស៍ដាក់ខ្លួន ! កុំនាំអេដស៍ចូលផ្ទះ ! អ្នកអាចភ្លេចអេដស៍ តែអេដស៍ មិនភ្លេចអ្នកឡើយ ! បើសង្ស័យ ធ្វើតេស្តពិនិត្យឈាម រកមេរោគអេដស៍.!៕