(ភ្នំពេញ)៖ វគ្គបំប៉នជំនាញកីឡាវាយសី Shuttle Timer 2017 ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ហើយទទួលបានការឧបត្ថម្ភគាំទ្រក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយសីអាស៊ី បានបញ្ចប់ជាស្ថាពរហើយ ក្រោយដំណើរអស់រយៈពេល ១សប្ដាហ៍កន្លងទៅ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៩នាក់ មកពី ៨ក្លឹប-សមាគម និងគ្រឹះស្ថានសិក្សា ដែលមកពីរាជធានី និងខេត្តចំនួន ៤ ក្នុងប្រទេសកម្ពុជា ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងសមាជិកប្រតិបត្តិសហព័ន្ធ រួមទាំងសិក្ខាកាមជាច្រើនទៀត ។ វគ្គបំប៉ននេះដែរ គឺទទួលបានធ្វើបទបង្ហាញពីគ្រូឧទ្ទេសលោក SAMBENTHAN មន្ដ្រីជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់របស់សហព័ន្ធកីឡាវាយសីអាស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកានេះ ។
ថ្លែងក្នុងឱកាសនោះ លោក លី កុសល បានថ្លែងអំណរគុណ ចំពោះការលះបង់របស់លោក SAMBENTHAN ដែលតែងមកចែករំលែកចំណេះដឹងថ្មីៗ ដល់មន្ដ្រី កីឡាករ-កីឡាការិនីវាយសីកម្ពុជាញឹកញាប់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ខណៈកម្ពុជា កំពុងត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។ ដោយហេតុនេះ លោកបានស្នើរឲ្យសិក្ខាកាម ក្រោមបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងទៅចែករំលែកបន្ដតាមក្លឹប-សមាគម និងគ្រឹះស្ថានសិក្សារបស់ខ្លួនឲ្យចំគោលដៅ ដែលសហព័ន្ធចង់បាន ។
ប្រធានសហព័ន្ធដដែលបានបន្ដថា មួយរយៈពេលចុងក្រោយនេះ កីឡាវាយសីកម្ពុជា បាននឹងកំពុងបង្ហាញភាពខ្លាំងលើឆាកអន្ដរជាតិ ហើយក៏ដណ្ដើមបានមេដាយថ្នាក់តំបន់ជាបណ្ដើរៗផងដែរ ។ ដូច្នេះលោកបានជំរុញឲ្យមន្ដ្រីក្រោមឱវាទ រួមទាំងថ្នាក់ដឹកនាំក្លឹប-សមាគម ពិសេសគ្រូកីឡាវាយសី តាមគ្រឹះស្ថានអប់រំនានា ចូលរួមបណ្ដុះបណ្ដាល និងស្វែងរកថ្នាលមានសមត្ថភាព ទេពកោសល្យ ដើម្បីសហព័ន្ធធ្វើការចម្រាញ និងបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាក្រុមជម្រើសជាតិកម្ពុជា ។
ឆ្លៀតឱកាសនោះដែរ លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក៏បានឧត្ថម្ភនូវសម្ភារៈសម្រាប់ហ្វឹកហាត់កីឡាវាយសីមួយចំនួន ដល់តំណាងក្លឹប-សមាគម និងគ្រឹះស្ថានអប់រំ ដែលបានចូលរួមសិក្សាជាមួយវគ្គបំប៉ន Shuttle Timer 2017 នេះផងដែរ៕