(ភ្នំពេញ)៖ គ្រឿងក្នុងមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកដែលខូចគុណភាពសរុប១៨៩០គីឡូក្រាម ដែលបាននាំចូលតាមច្រករបៀងពីប្រទេសថៃ ខុសច្បាប់លួចបង្កប់ ដឹកតាមរថយន្តឈ្នួល និងរថយន្តក្រុងដឹកអ្នកដំណើរ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចាប់រឹបអូសបានកាលពីកន្លងទៅនោះ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបាននាំយកទៅដុតកម្ទេចចោល នៅក្នុងទីលានចាក់សំរាម​ ​ស្ថិតក្នុងភូមិបាគូ និងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​មន្ត្រីជំនាញម្នាក់បានបង្ហើបឲ្យដឹងថា ទំនិញទាំងនេះតាមពិតទៅវាមិនហួសដឺឡេ ឬខូចគុណភាពនោះទេ តែទំនិញទាំងនេះគេនាំចូលគ្មាន ច្បាប់អនុញ្ញាតលាក់បង្កប់ក្រោមរថយន្តឈ្នួល និងរថយន្តក្រុងដឹកអ្នកដំណើរ។ ជាពិសេសខុសលក្ខណៈបច្ចេកទេសតែម្តង តាមធម្មតាសាច់មាន់ ជើងមាន់ គេត្រូវដាក់ក្លាស្សេទើបវាមិនខូចគុណភាព។

ប្រភពដដែលបានបន្តថា សមត្ថកិច្ចយើងបានស្ទាក់ចាប់បាននៅផ្លូវលេខ៧១១ ម្តុំផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងមួយទីតាំងទៀតនៅផ្លូវជាតិលេខ៥។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតរថយន្ត១គ្រឿងម៉ាក់ HYUNDIA ពណ៌ស ពាក់ស្លាកលេខ ច3525 ភព2 ព្រោះរថយន្តនេះជារថយន្តទំនិញដឹកជញ្ជូនបន្តចែកចាយលើទីផ្សារ។ អ្នកបើកបរបារត់គេចខ្លួនបាត់ស្រមោល។

លោក​ គង់​ វុទ្ធី​ អនុប្រធានកាំកុងត្រួលផែស្ងួតចុងទីភ្នំពេញ​ បានថ្លែងថា ទំនិញទាំងនេះសមត្ថកិច្ចដកហូតចំនួន២ទីតាំង ទីតាំងទី១​៖ នៅបេនរថយន្តក្រុង សង្កាត់មនោរម្យខណ្ឌ៧មករា បានដកហូតគ្រឿក្នុងជ្រូក ហើយទំនិញទាំងនេះ ពុំមានច្បាប់អនុញ្ញាត នាំចូលនោះទេ, និងទីតាំងទី២៖ សាច់មាន់ ជើងមាន់ នាំចូលតាមផ្លូវជាតិលេខ៥៕