(ភ្នំពេញ)៖ ជនជាតិអាល្លឺម៉ង់ មួយរូបដែលជាប្រធានក្រុមហ៊ុន ដែលតា ដាប់បែលយូត្រេឌីង ហើយកំពុងមានរឿងក្ដីក្ដាំ ជាមួយស្រ្តីជាប់ចោទម្នាក់ឈ្មោះនួន ច័ន្ទមករា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លួចលក់ដីក្រុមហ៊ុននោះ បានសម្ដែងការព្រួយបារម្ភ ហើយសំណូមពរសូមអោយស្ថាប័នយុត្តិធម៌ ជួយពន្លឿនសំណុំរឿងនេះ អោយបានឆាប់ បន្ទាប់ពីលោកទទួលដំណឹងថា ស្ត្រីជាប់ចោទខាងលើបានព្យាយាមដាក់ពាក្យស្នើសុំ នៅក្រៅឃុំ ជាបណ្ដោះអាសន្នម្ដងជាពីរដង ដែលជាចេតនាមួយចង់គេចខ្លួន ពីការទទួលខុសត្រូវចំពោះមុខច្បាប់រួចមក។
លោក រ៉ៃន័រ ម៉ារាវ៉ូលនី (Rainer Maria Wollny) ជនជាតិអាល្លឺម៉ង់ ជាប្រធានក្រុមហ៊ុនដែលតា ដាប់បែលយូត្រេឌីង បានអះអាងថាទទួលបានទទួលដំណឹងកាលពីពេលថ្មីៗនេះថាស្ត្រីជាប់ចោទឈ្មោះនួន ច័ន្ទមករា អាយុ ៣៥ឆ្នាំ មានអស័យដ្ឋានផ្ទះលេខ៩៨សេ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកំពុងស្ថិតក្នុងដំណើរការសវនាការជំនុំជំរះ របស់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពេលដែលតុលាការ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីចុងឆ្នាំមុន ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែង និងលួចលក់អចលនទ្រព្យ ដែលមិនមែនជារបស់ខ្លួន បានដាក់ពាក្យសុំនៅក្រៅឃុំទៅសាលាឧទ្ធណ៍ទៀតហើយ ក្រោយពេលដែលការស្នើសុំនៅក្រៅឃុំនេះ ត្រូវបានច្រានចោល ដោយសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធណ៍កាលពីពេលកន្លងមក ឥឡូវនេះបានស្នើសុំនៅក្រៅឃុំជាថ្មីម្ដងទៀត។
ក្នុងករណីនេះ បើសិនជាមានការដោះលែងមែន ដើមបណ្ដឹងមានការសង្ស័យថា នួន ច័ន្ទមករា ពិតជានឹងគេចខ្លួនពីការជំនុំជំរះ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលកំពុងតែដំណើរការជាមិនខាន។ បញ្ហានេះ នឹងបង្ករឲ្យមានការលំបាក និងភាពស្មុកស្នាញក្នុងការរកយុត្តិធម៌ ដល់ក្រុមហ៊ុន ដែលជាដើមបណ្ដឹង ក៏ដូចជាយុត្តិធម៌សម្រាប់អ្នកទិញដីទាំងឡាយ ដែលបានខាតបង់លុយកាក់កើតចេញពីអំពើឆបោក ដោយមានការឃុបឃិតគ្នា ជាមួយនឹងអាជ្ញាធរខិលខូចមួយចំនួន ក្នុងការលួចលក់ដីរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេចរក្សាការពាររួចស្រេចហើយ ហើយនឹងចុះអនុវត្តដីការក្សាការពារនេះ ដោយបង្ខំនៅពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថានទូតអាល្លឺម៉ង់ ក៏បានផ្ញើរលិខិតការទូតទៅកាន់ក្រសួងការបរទេស និងចម្លងជូនក្រសួងយុត្តិធម៌ ព្រមទាំងក្រសួងមហាផ្ទៃផងដែរ ដើម្បីស្នើសុំការជួយផ្តល់ព័ត៌មាន អំពីការប៉ុនប៉ងធ្វើឃាតមកលើរូបរ៉ៃន័រ ម៉ារាវ៉ូលនី និងសុំការជូនដំណឹងដល់ស្ថានទូតអំពីការវិវត្ត នៃស្ថានភាពរឿងក្តីរបស់លោក ដែលមិនទាន់ដាច់ស្រេចនៅតុលាការផងដែរ។ លោក រ៉ៃន័រ ជឿថា មកដល់ពេលនេះ ក្រសួងពាក់ព័ន្ធពិតជាបានឆ្លើយតបទៅស្ថានទូតអាល្លឺម៉ង់ តាមរយៈក្រសួងការបរទេសរួចហើយ។ ក្នុងនាមលោកជាជនបរទេសមួយរូប ដែលមកវិនិយោគនៅកម្ពុជា ដោយស្របច្បាប់ លោកសូមអំពាវនាវតាមរយៈបណ្តាញព័ត៌មាន ក្នុងស្រុក ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ មេត្តាពន្លឿនដំណើរការនៃការកាត់ក្តីនេះ និងរកយុត្តិធម៌ដល់រូបលោក និងក្រុមហ៊ុន របស់លោក ដើម្បីឲ្យលោកអាចបន្តការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមចំណែកមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋស្លូតត្រង់ឲ្យមានការងារធ្វើ និងភាពរីកចំរើនទាំងអស់គ្នា ដោយមានកិច្ចការពារដ៏រឹងមាំពីច្បាប់ របស់ប្រទេសកម្ពុជា៕
ស្ត្រីជាប់ចោទឈ្មោះ នួន ច័ន្ទមករា