(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារ លោក Baiye-Xie អគ្គនាយកក្រុមហ៊ុន Zhijiang Municipal ដែលមានទីស្នាក់កណ្តាលក្រុងហានចូវ ខេត្តជឺជាំង សាធារដ្ឋប្រជាមានិតចិន ។
ក្នុងជំនួបនោះដែរ លោកអគ្គនាយកក្រុមហ៊ុន បានរាការណ៍ពីស្នាដៃ ដែលក្រុមហ៊ុនបានកសាងស្ពាន និងស្ថាបនាផ្លូវក្នុងកម្ពុជា ពិសេសកំណាត់ផ្លូវជាតិលេខ៦ ជាមួយគ្នានោះដែរ ក្រុមហ៊ុនមានជំនាញកសាងប្រព័ន្ធលូរំដោះទឹក ដើម្បីបញ្ជៀសទឹកកុំឲ្យមានទឹកជំនន់លិច។
ទន្ទឹមនឹងនោះផងដែរ ដោយមើលឃើញក្រុងសៀមរាបបានលិច កាលពីពេលកន្លងមកដោយសារជំនន់ទឹកភ្លៀវ ទើបក្រុមហ៊ុនបានស្នើសុំ អភិបាលខេត្ត ដើម្បីសិក្សាប្រព័ន្ធលូរំដោះទឹក ក្នុងក្រុងសៀមរាប។
ឆ្លើយតបតាមការស្នើសុំ លោក ឃឹម ប៊ុនសុង បានអនុញ្ញាតឲ្យក្រុមហ៊ុនបញ្ជូន ក្រុមការងារចុះសិក្សាដើម្បីកសាងប្រព័ន្ធលូរំដោះទឹក កុំឲ្យមានទឹកជំនន់លិចក្រុងសៀមរាប បណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងផងដែរ។
ជាមួយគ្នានោះ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចូលរួមកសាង និងអភិវឌ្ឍន៍នៅកម្ពុជា ពិសេសខេត្តសៀមរាប ហើយសង្ឃឹមជឿជាក់ថា ក្រុមហ៊ុនក្នុងការសិក្សាគម្រោងទទួលបានលទ្ធផលល្អ ព្រមទាំងស្វែងរកជំនួយពីរាជរដ្ឋាភិបាលចិន ដើម្បីបំពេញតាមតម្រូវការរបស់រដ្ឋបាលខេត្តសៀមរាប ជាក់ជាមិនខាន៕