អគ្គនាយកដ្ឋានកាំកុងត្រូលជូនដំណឹងបន្ទាន់មួយ ពីការរាំងខ្ទប់ និងចុះប្រមូលផលិតផលពងត្រី ក្រោយក្រុមហ៊ុននៅប្រទេសកាណាដា រកឃើញមានការលូតលាស់តេរី នាំឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់
01-11-2017 15:00
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ ពាក់ព័ន្ធវិធានការណ៍រាំងខ្ទប់ និងចុះប្រមូលមកផលិតផលពងត្រី Rainbow Trout Caviar ក្រោយពីក្រុមហ៊ុនមួយរបស់ប្រទេសកាណាដា បានរកឃើញផលិតផលពងត្រីនេះ មានការលូតលាស់បាក់តេរី បង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ អាចបណ្ដាលឲ្យស្លាប់ទៀតផង។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការលូតលាស់របស់បាក់តេរី អាចផលិតសារធាតុពុលខ្លាំងចំពោះកោសិកាសរសៃប្រសាទ ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្ដាលឲ្យស្លាប់ទៀតផង។
សម្រាប់វិធានការទប់ស្កាត់នៅចំពោះមុខនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសរាំងខ្ទប់មិនឲ្យនាំចូលផលិតផល មកលក់ចែកចាយនៅកម្ពុជា និងអំពាវនាវដល់សាធារណជន បើបានឃើញផលិតផលទាំងនេះ ដាក់លក់នៅលើទីផ្សារ សូមរាយការណ៍មកកាន់មន្ដ្រីកាំកុងត្រូល តាមរយៈខ្សែទូរស័ព្ទដែលបានបង្ហាញជូនខាងក្រោមនេះ៕