(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានលោក សរ សុពុត្រា ជាប្រធាន បានទទួលមួកសុវត្ថិភាពសម្រាប់កុមារ ចំនួន៣,៥០០មួក និងរបាំងសម្រាប់សម្រួលចរាចរណ៍ ឲ្យសិស្សានុសិស្សឆ្លងផ្លូវចំនួន១៥០របាំង ដែលមានទឹកប្រាក់សរុបជាង៨០លានរៀល ពីក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd រួមសហការជាមួយក្រុមហ៊ុន JXTG Nippon Oils & Energy Corporation។
ពិធីប្រគល់ និងទទួលសម្ភារគាំពារដល់សកម្មភាពសង្គមនេះ ត្រូវបានធ្វើឡើង នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២ឥ១៧ នៅសណ្ឋាគារហ៊ឺម៉ារ៉ារី រាជធានីភ្នំពេញ ដោយមានការចូលរូមពី លោក លោកស្រី មកពីស្ថាប័នរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនឯកជន អាជីវករតាមបណ្ដារាជធានី-ខេត្ត។
តំណាងក្រុមហ៊ុន បានបញ្ជាក់ពីហេតុថា គម្រោងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទៅលើសិស្សានុសិស្ស ថ្នាក់បឋមសិក្សា មានគោលបំណងចំបងចំនួន២ គឺទី១៖ លើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ប្រជាពលរដ្ឋមូលដ្ឋាន សហគមន៍ និងអ្នកបើកបរទូទៅ និងទី២៖ បណ្ដុះគំនិតក្នុងការពាក់មួកសុវត្ថិភាពពីកុមារភាព ដើម្បីបង្កើនឲ្យមានទម្លាប់ និងភាពស៊ាំទៅនឹងមួកសុវត្ថិភាព។
ជាមួយគ្នានោះ លោក សរ សុពុត្រា ក្នុងឋានៈជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនដែលមានរួមចំណែកក្នុងការងារសង្គម ហើយបានផ្ដល់សម្ភារៈគាំពារដល់សកម្មភាពសង្គម ដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ហើយលោក នឹងយកសម្ភារៈទាំងអស់នេះ ទៅចែកជូនសិស្សានុសិស្សតូចៗនៅតាមសាលាបឋមជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា Professional Trader (Cambodia) Co., Ltd បានទទួលសិទ្ធិចែកចាយផ្ដាច់មុខនូវផលិតផលប្រេងម៉ាស៊ីន ម៉ាកអ៊ីណូស (ENEOS) សម្រាប់ទីផ្សារប្រទេសកម្ពុជាពីក្រុមហ៊ុន JX Nippon Oils & Energy Asia Pte., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JXTG Nippon Oils & Energy Corporation ដែលមានដើមកំណើតនៅប្រទេសជប៉ុន និងបានកំពុងឈានមុខគេនៅក្នុងទីផ្សារថាមពលទូទាំងប្រទេសកម្ពុជា៕