(ព្រះវិហារ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ នៅទូទាំងស្រុក-ក្រុងទាំង៨ ក្នុងខេត្តក្នុងថ្ងៃតែមួយ ដោយមានការចូលរួមពីអាជ្ញាធរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្រា​ប់ថ្ងៃបើកបវេសនកាលថ្មីនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានផ្តល់ម៉ូតូម្នាក់មួយគ្រឿងជូនសិស្សជាប់និទ្ទេស A ចំនួន២នាក់ និងផ្តល់ប្រាក់លើកទឹកចិត្តម្នាក់២១លានរៀលជូនសិស្សជាប់និទ្ទេស B សរុបចំនួន១៩នាក់ផងដែរ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង បានថ្លែងថា ថ្ងៃនេះនៅអនុវិទ្យាលយ័ត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ក៏ដូចជានៅតាមសាលារៀននានាទូទាំងក្រុង ស្រុកទាំង៨ ក្នុងខេត្តបានរៀបចំពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ដូចៗគ្នា ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ បន្ទាប់ពីបានវ៉ាកងឈប់សំរាមួយរយៈកាលកន្លងមកនេះ។

លោក ពឹង ទ្រីដា បានសំដែងនូវក្តីសោមនស្សរីករាយក្រៃលែង សំរាប់វិសយ័អប់រំនៅក្នុងខេត្តព្រះវិហារ ដែលត្រឹមតែរយៈពេលខ្លីសោះ មានការរីកចម្រើនគួរឲ្យកត់សំគាល់ ហើយគុណភាពអប់រំក៏ទទួលបានលទ្ធផលល្អទៀត។ ករណីជាក់ស្តែងប្រឡងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧កន្លងទៅនេះ នៅខេត្តព្រះវិហារយើងមានសិស្សប្រជាប់និទ្ទេស A ចំនួន២នាក់ បានទទួលការលើកទឹកចិត្តម៉ូតូម្នាក់មួយគ្រឿង ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងនិទ្ទេស B ចំនួន19នាក់ ក្នុងម្នាក់ថវិកា១លានរៀល ហើយចំពោះសិស្សប្រឡងជាប់គឺមានអត្រាភាគរយខ្ពស់ជាងឆ្នាំ កន្លងទៅជាបន្តបន្ទាប់ ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។

លោក ពឹង ទ្រីដា បានបន្តថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិសយ័អប់រំត្រូវបានចាត់ទុកវិសយ័អាទិភាពមុនគេបង្អស់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ»

ជាមួយគ្នានេះផងដែរ លោកបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ គ្រប់កំរិតសិក្សាដែលបានខិតខំយកចិត្តទុកដាក់ បង្រៀនសិស្សានុសិស្សដោយមិនខ្លាចនឿយហត់ ពេលខ្លះទទួលរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក៏ដោយ។ លោក ពឹង ទ្រីដា និងក្រុមការងារក៏បានរៀបចំវត្ថុអនុស្សាវរីយ៏ជាច្រើន ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះផងដែរ៕