(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្រឆាំងដាច់ខាតចំពោះ ជនណា ឬក្រុមណាមួយដែលមានបំណងចង់ ធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា ថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញ ចុះផ្សព្វផ្សាយអំពីសភាពការណ៍វិវត្តន៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចការពារ ព្រំដែនលេខ៤០៥ នៃតំបន់ប្រតិបត្តិការសេករងព្រះវិហារ នាពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានបន្តថា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនស្ទើរគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យជនមួយចំនួនជ្រកក្រោម គណបក្សប្រឆាំងពិសេសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយជនបរទេស មានគំនិតក្បត់ជាតិចង់ធ្វើបដិវត្តន៍ ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត តែទង្វើរក្បត់ជាតិរបស់បុគ្គល កឹម សុខា ត្រូវបានរាជរដ្ឋាភិបាលអនុវត្តន៍ តាមច្បសប់ប្រទេស គឺចាប់ខ្លួនភ្លាមៗតែម្តង។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ក្នុងនាមកងយោធពលខេមរភូមិន្ទ ត្រូវប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាដែលចង់ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកមេបញ្ជាការបានណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវការពារ ដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។

លោកមេបញ្ជាការសឹករងខេត្តព្រះវិហារ ក៏បានណែនាំឲ្យនាយ និងពលទាហានទាងអស់ត្រូវចេះរួបរួមសាមគ្គីគ្នាអនុវត្តន៍ តួនាទីភារកិច្ចដែលថ្នាក់លើ ប្រគល់ជូនឲ្យមានប្រសិទ្ធិភាព ត្រូវចូលរួមទប់ស្កាត់ករណីឆ្លងដែនកាប់ឈើគ្រញូង ករណី ជួញដូរគ្រឿងញៀន ពិសេសគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធិភាព ដោយសហការជាមួយ សមត្ថកិច្ចផ្សេងៗ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ។

ចុងបញ្ចប់លោកមេបញ្ជាការបានឧបត្ថម្ភថវិការ និងសម្ភារមួយចំនួនដល់អង្គភាពវរសេនាតូចការពារព្រំដែន លេខ៤០៥ផងដែរ៕